(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បើកប្រតិបត្តការ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៦នាក់ រួមនឹងវត្ថតាងមួយចំនួនធំ។

ប្រតិបត្តការនេះ ធ្វើឡើងកាលពីវេលាម៉ោង០៦៖០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខក្លឹប MIX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង០៦នាក់៖
១-ឈ្មោះ ត្រាយុត កែវសុផា (ហៅ ឆាំ ) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងប្រើប្រាស់)។
២-ឈ្មោះ ណាំងថាក់ប៉ាកវិន ខុងសាមស៊ី (ហៅ អម) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។
៣-ឈ្មោះ ឆានណាឡិន ចាន់វើនឡាត់ ហៅ អាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត)។
៤-ឈ្មោះ ធិទិវុធ សុរិវង់ ហៅ ហ្គិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។
៥-ឈ្មោះ ភិឈិវ៉ាត់ យុងឃុង (ហៅ អង់) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិថៃ(ជួញដូរនិងប្រើប្រាស់)។
៦-ឈ្មោះ ឆាក់ណាក់ឆៃ លឿងសុចារ៉ើន ហៅ ហ្វេម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ (ជួញដូរនិងប្រើប្រាស់) អ្នកទាំង៦ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តទៀតថា វត្ថតាងចាប់បានរួមមាន៖ -ម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ១០៣ថង់កិប ទម្ងន់ ២៤៦,១ក្រាម (ថ្លឹងទាំងសម្បកថង់), -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១១៧៤គ្រាប់ ទម្ងន់ ១៤៨,៧ក្រាម (ថ្លឹងទាំងសម្បកថង់), -ក្រាមម៉្សៅពណ៌សថ្លា (ខេ) ចំនួន ០១កូនថង់កិប ទម្ងន់ ៤,៩៩ក្រាម, -ក្រាមម្ស៉ៅពណ៌សថ្លា ច្រកក្នុងកញ្ចប់ពណ៌មាស (ខេ) ចំនួន ១១៩កញ្ចប់ ទម្ងន់ ១៧៨,៨ក្រាម (ថ្លឹងទាំងសម្បកថង់), -ថ្នាំគ្រាប់ពណ៌ស្វាយ(អ៊ិចស្តាស៊ី) ចំនួន ០៤គ្រាប់កន្លះ ទម្ងន់ ២,២៩ក្រាម, -ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន ០១កញ្ចប់ ទម្ងន់ ១៧,១២ក្រាម, -ថ្នាំគ្រាប់សំបកពណ៌ត្រួយចេក ចំនួន ០៩គ្រាប់,-ទឹកថ្នាំពណ៌ផ្កាឈូក ចំនួន ០៤កញ្ចប់, -កញ្ឆាក្រៀម ចំនួន ៤២កញ្ចប់ ១២១៧,៥ក្រាម, -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៥គ្រឿង, -កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាក EKOOL JAKAL DUALCOMPACT (បង់០១, គ្រាប់ចំនួន ០២គ្រាប់),-បំពង់វែបជក់ ចំនួន ១០ដើម, -ដបទឹកថ្នាំវែប ចំនួន ១២ដើម, -ម៉ូតូ ចំនួន ០២គ្រឿង, -ទូរស័ព្ទ ចំនួន ០៩គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

ក្រោយឃាត់ខ្លួន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង មកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជន សង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ៕