(ភ្នំពេញ)៖ នៅអាធ្រាត្រម៉ោង១យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានបន្តបញ្ជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ចំនួន២៤៤នាក់ ស្ត្រី៣០នាក់ និងសុននហិតមីនចំនួន២ក្បាល ដែលជាកម្លាំងប្តូរវេន ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដល់ជើងយន្តហោះរបស់អង្គការសហប្រជាជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រយៈពេល១៧ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តកងទ័ពមួកខៀវកម្ពុជា ជិត៩ពាន់នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃ ដែលសម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងដឹងថា កងវិស្វកម្មលេខ៤២៣ ជាកងទី៩ ចេញទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនេះ មានចំនួនសរុប ២៤៤នាក់ ដោយមាននារី ៣០នាក់ ដែលមកពីបណ្តា៤០កងឯកភាព​ នៃកង​យោធពល​ខេមរភូមិន្ទ។ កងកម្លាំង ដែលចេញបំពេញបេសកកមក្នុងឆ្នាី៩នេះ សុទ្ធតែបានទទួលការហ្វឹកហ្វឺនមុនចល័ត និង​លើ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយគុណភាព ពី​គ្រូ​បង្គោល​កម្ពុជា និងពីបណ្តា​ប្រទេស​ជាមិត្ត ដើម្បី​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធផល​​​ដូច​បណ្តា​កងមុនៗ​​ដែរ។​

ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ក៏បានផ្តាំផ្ញើដល់នាយកងកម្លាំងទាំងអស់ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រសាសន៍បទបញ្ជា ទាំង៤ចំណុចរបស់ សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត ៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕