(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក៏បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា ពិធីប្រកាសបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

មុនពិធីបើក ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជា កាន់តែច្បាស់ថា កម្ពុជា «ប្រទេសតូច បេះដូងធំ» បន្ទាប់ពីសម្ដេចបានប្រកាសអនុញ្ញាតឱ្យចូលទស្សនាការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយឥតគិតថ្លៃ ការផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃថែមទៀត។

តាមរយៈការលើកលែងទាំងអស់នេះ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្តទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ ទោះបីកម្ពុជាទើបធ្វើជាម្ចាស់ផ្ទះលើកដំបូងក៏ដោយ៕