(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៧៤នាក់ មកពីកម្រងព្រះកុសុមៈចំនួន ៧សាលា កម្រងគ្រួស ចំនួន ៧សាលា កម្រងព្រៃខ្មែរចំនួន ១០សាលា វិទ្យាល័យ និងអនុវិទ្យាល័យចំនួន៥ និងមត្តេយ្យសិក្សាក្នុងកម្រងទាំង ៣ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងពីប្រវត្តិរបស់ក្រសួងអំរំយុវជន និងកីឡា និងពីស្ថានភាពសេដ្ឋកិច្ច និងមយោបាយ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះគ្រូបង្រៀន ក្នុងស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ។

លោកថា សុខសន្តិភាពនេះ ជាឱកាសមួយដែលធ្វើឲ្យកម្ពុជា ជំរុញការកសាងប្រទេសជាតិឲ្យមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខុដុម និងបានផ្ដល់ឲ្យកម្ពុជាមានលទ្ធភាពគ្រប់បែបយ៉ាង ជាពិសេស ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយថ្មីៗនេះកម្ពុជាបានរៀបចំព្រឹត្តិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ប្រកបដោយកិត្តិយសពាសពេញពិភពលោក។ ទាក់ទិនទៅនឹងនយោបាយកម្ពុជា សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នៅតែបន្តប្ដេជ្ញាថែរក្សាសន្តិភាពឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។

លោកបណ្ឌិតរដ្ឋមន្រ្ដី បានរំលឹកលោកគ្រូ អ្នកគ្រូ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងនិតិកាលទី៧នៅថ្ងៃទី២៣ខែកក្កដា ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរាស្ត្រស្របច្បាប់ ការពារផលប្រយោជន៍អោយយើងទាំងអស់គ្នា បន្តដឹកនាំប្រទេសជាតិទៅកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ជាពិសេស គឺទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដូចដែលយើងបានឃើញជាក់ស្ដែងនៅក្នុងខេត្តកំពង់ឆ្នាំងនេះ ។

ក្នុងឱកាសនោះដែរ ក្រុមការងារ បានជូនវត្ថុអនុស្សាវរី៍យ៍ ដល់លោកគ្រូ អ្នកគ្រូ សារ៉ុង ១ និងថវិកាមួយចំនួនផងដែរ៕