(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្កៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ បានចាត់ទុកថា រៀបច្បងជានិវត្តជនគ្រប់ៗរូប គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ប្រទេសជាតិ ក្នុងការចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍ទេនោះ អាចបង្កចនាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទ ជីវភាពប្រជាពលរដ្ឋក៏ជួបកង្វះខាតផងដែរ។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិវត្តជន ជាអតីតកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការ មកពី៩ឃុំ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន៦២៤នាក់ នៅស្នាក់ការគណបក្សស្រុក ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត អាជ្ញាធរស្រុក ឃុំ និងក្រុមការងារមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជូននិវត្តជនបានជួបប្រាស្រ័យទាក់ទងគ្នា សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល និងបានជម្រាបជូនអំពីដំណើរការអភិវឌ្ឍន៍ប្រទេសជាតិមកទល់សព្វថ្ងៃ។ ជាមួយគ្នានោះ ក៏សូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់និវត្តន៍ជន ជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មកពី៩ឃុំ ក្នុងស្រុកកណ្តៀង ចំនួន៦២៤នាក់។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូន អំពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា គ្រប់គោលនយោបាយ និងគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីតែផលប្រយោជន៍ ថែរក្សាការពារស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ។

លោកបានចាត់ទុកថា រៀបច្បងជានិវត្តន៍ជនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ នៅក្នុងស្រុកកណ្តៀងគ្រប់ៗរូប គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍ទេនោះ អាចបង្កចនាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទ ជីវភាពប្រជាពលរដ្ឋជួបកង្វះខាតជាក់ជាមិនខាន ដូចនេះចាំបាច់ណាស់ត្រូវចូលរួមការពារសន្តិភាព ដែលជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា នៅក្នុងសង្គមជាតិទាំងមូល។ គោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការជាច្រើនត្រូវបំពេញ និងធ្វើការអភិវឌ្ឍន៍ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ដែលត្រូវធ្វើការអភិវឌ្ឍន៍ឲ្យកាន់តែលេចធ្លោរ ជាក់ស្តែងថវិកាប្រមាណជាង៦០ម៉ឺនដុល្លារ ត្រូវបានរាជរដ្ឋាភិបាលទម្លាក់មកធ្វើផ្លូវ ទាំង៧ឃុំ ក្នុងស្រុកកណ្តៀង ឱ្យបានចប់សព្វគ្រប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នេះដោយសារតែប្រជាពលរដ្ឋ ក្នុងស្រុកកណ្តៀងគាំទ្រគោលនយោបាយយ៉ាងលើសលប់។

ពិតណាស់ថា និវត្តជនជាមន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធទាំង៣វិញ គឺជារៀមច្បង ជាតួអង្គយ៉ាងសំខាន់ ដែលបានខិតខំត្រួសត្រាយផ្លូវ នាំមកនូវសុខសន្តិភាព។ ពេលនេះពូមីញ បងៗទាំងអស់ បានចប់ភារកិច្ចបម្រើជាតិ តែទោះជាយ៉ាងនេះ សូមកុំឲ្យអស់សង្ឃឹមក្នុងជីវិត ព្រោះសង្គមជាតិ ត្រូវការពួកគាត់ជួយបំពេញការតព្វកិច្ច និងជួយជ្រោមជ្រែងការងារ ដល់អ្នកជំនាន់ក្រោយ បើគ្មានពូមីញ បងៗទេនោះ យើងក៏គ្មានថ្ងៃនេះដែរ។ ឯកឧត្តមក៏សូមអំពាវនាវដល់និវត្តជនទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះ និវត្តជនជាអតីតកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការ ដែលបានចូលរួម ចំនួន៦២៤នាក់ ក្នុងម្នាក់ៗទទួលបានវត្ថុកំដរដៃ រួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងថវិកា៤ម៉ឺនរៀល៕