(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឲ្យបានច្រើន និងទូលំទូលាយពីការពិតនៅប្រទេសកម្ពុជា ពិសេសផ្សព្វផ្សាយអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន និងអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក និងបាននិងកំពុងធ្វើនៅពេលនេះ។

ការស្នើឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសសាខាគណបក្សរបស់ក្រុមហ៊ុន ហង្សមាសគ្រុប ក្រុមហ៊ុនថោនអេន ធើធេនម៉ិនគ្រុប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជា និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ជាង២០០នាក់ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «យើងជាប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឲ្យបានច្រើនពីការពិតនៅកម្ពុជា ថាតើប្រទេសកម្ពុជាបានហែលឆ្លងការលំបាកអ្វីខ្លះ យើងបានប្រឹងប្រែងធ្វើអ្វីខ្លះ រហូតធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះ ហើយនរណាជាអ្នកដឹកនាំប្រទេសមួយនេះឲ្យ មានការអភិវឌ្ឍរីកចម្រើន នោះគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ការបង្ហាញឲ្យឃើញពីអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន វានឹងធ្វើឲ្យប្រជាពលរដ្ឋ គោរពស្រលាញ់នាំឲ្យកម្ពុជា ឈានទៅសម្រេចគោលដៅរបស់ខ្លួន នោះគឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ»

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបប ប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៃរបបនោះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្ស។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកសូមឲ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

គួរបញ្ជាក់ថា ពិធីប្រកាសសាខាគណបក្សរបស់ប្រព័ន្ធផ្សព្វផ្សាយទាំង៤ស្ថាប័នខាងលើនេះ រួមមាន៖ ក្រុមហ៊ុនហង្សមាសគ្រុប ចំនួន៨៦រូប, ក្រុមហ៊ុនថោនអេន ធើធេនម៉ិនគ្រុប ចំនួន៨២រូប, ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ចំនួន២៧រូប, សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជា ចំនួន២៨រូប សរុបចំនួន២២៣រូប៕