(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចយល់ព្រមបញ្ចូលលោកស្រី ប៉ីប៉ីលី និងស្វាមី ដែលមានឈ្មោះពិតប្រាកដ លោកស្រី ធី សុខា និងលោក ញឹល ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «យល់ព្រមបញ្ចូល លោក ញឹល ចាន់ណា និងលោកស្រី ធី សុខា ជាសមាជិកគណបក្សប្រជាជនកម្ពុជា»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសសូមស្វាគមន៍ទទួលយកតាមសំណើ របស់សកម្មជនគណបក្សភ្លើងទៀនលោកស្រី ប៉ីប៉ីលី​ (Pey Pey Ly) និងស្វាមី ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយចេញវិដេអូសុំអភ័យទោស

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញស្វាគមន៍យ៉ាងដូច្នេះថា «មុននេះបន្តិចខ្ញុំបានទទួលវីដេអូរបស់កូនស្រី ប៉ីប៉ីលី និងស្វាមី ដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ក្នុងវីដេអូនេះកូនស្រី ប៉ីប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែល ខ្ញុំនឹងបង្ហាញជូនតាមបណ្តាញសង្គមរបស់ខ្ញុំ។

«ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ទទួលយកតាមសំណើររបស់ ប៉ីប៉ីលី និងស្វាមីដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមកូនស្រី ប៉ីប៉ីលី ទុករឿងអតីតកាល មួយអន្លើនិងខិតខំរួមគ្នាធ្វើដំណើរឆ្ពោះទៅមុខដើម្បីសេចក្តីសុខរបស់ជាតិ និងការរីកចំរើនក្នុងគ្រួសារក៍ដូចជាសង្គមជាតិ»៕