(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះ និងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល» ជូនដល់និស្សិតឆ្មបនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានអនុញ្ញាតឱ្យនិស្សិតឆ្មប បានចូលរួមវគ្គអប់រំផ្សព្វផ្សាយនេះ។

ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយនោះ លោកស្រីបានលើកឡើងពី ឥស្សរជនឆ្នើមថ្នាក់ជាតិនេះ សំដៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាស្ត្រីទី១នៃកម្ពុជា។

ពិសេសដែលអង្គការសហប្រជាជាតិ បានទទួលស្គាល់ស្នាដៃការងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការផ្ដល់នូវគោរមងារចំនួន២ ប្រគល់ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺទី១៖ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានទទួលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២៖ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានទទួលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១។

ការសម្រេចចិត្តទទួលយកគោរមងារខាងលើនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលយកនូវភារកិច្ចដ៏ឧត្តុង្គឧត្តម ចំពោះការងារឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងសុខភាពមាតា ទារក និងកុមារ ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិកម្ពុជា។

ក្នុងនោះកាតព្វកិច្ចទី១ គឺធ្វើយ៉ាងណាឱ្យអត្រាមរណភាពមាតា និងទារក ធ្លាក់ចុះទាបបំផុត ដែលប្រការនេះ តម្រូវឱ្យមានការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសចំពោះស្ត្រីជាមាតា ឱ្យមានការយល់ដឹងខ្ពស់ អំពីសារប្រយោជន៍នៃពិនិត្យផ្ទៃពោះយ៉ាងតិច ៤ដងមុនពេលសម្រាល និងការទៅសម្រាលកូននៅមូលដ្ឋានសុខាភិបាល។

កាតព្វកិច្ចទី២ គឺការអប់រំផ្សព្វផ្សាយដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយមកកូន ក៏ដូចជាទប់ស្កាត់ជំងឺផ្សេងៗដែលអាចឆ្លងពីម្តាយមកកូន ដូចជា ជំងឺថ្លើមប្រភេទបេ ជំងឺស្វាយ ជំងឺតំណពូជ។ល។

កាតព្វកិច្ចទី៣ គឺទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ ដោយមិនបានប្រើថ្នាំប្រឆាំងមេរោគអេដស៍នោះឡើយ។ និងកាតព្វកិច្ចទី៤ គឺមិនឱ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីបានគូសបញ្ជាក់ពីវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការងារសុខភាពមាតា ទារក កុមារ តាមរយៈការអង្កេតប្រជាសាស្ត្រ និងសុខភាព ដែលនៅក្នុងនោះ អត្រានៃការសម្រាលកូនដោយឆ្មបជំនាញមានការកើនឡើងពី ៣៤% នៅឆ្នាំ២០០០ ដល់ ៩៩% នៅឆ្នាំ២០២១-២២ ដែលធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី ៤៣៧ករណី នៅឆ្នាំ២០០០ មកនៅ ១៥៤ករណី ក្នុង១សែនកំណើតរស់ នៅឆ្នាំ២០២១-២២ អត្រាមរណភាពទារកទើបកើតបានថយចុះពី ៣៧ករណី នៅឆ្នាំ២០០០ មកនៅ ៨ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២២ និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះពី ១២៤ករណី នៅឆ្នាំ២០០០ ដល់ ១៦ករណី ក្នុង ១ពាន់កំណើតរស់ នៅឆ្នាំ២០២១-២០២២។

សូមបញ្ជាក់ថា ក្នុងឱកាសអប់រំផ្សព្វផ្សាយនេះ ក៏មានការធ្វើបទបង្ហាញពី លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលធ្វើឱ្យនិស្សិតឆ្មប ដែលបានចូលរួម បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអប់រំផ្សព្វផ្សាយបន្តក្នុងនាមជាមិត្តអប់រំមិត្ត ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាអនាគតឆ្មបជំនាញ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០៕