(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខឧត្តមសេនីយ៍ឯក នុច ថន ដល់គេហដ្ឋាន នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ចាយ បូរិន ប្រធានប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច និងលោក លោកស្រី ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះឧត្តមសេនីយ៍ឯក នុច ថន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ។

លោកប្រធានប្រតិភូក៏បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ខ្ពស់របស់ឧត្តមសេនីយ៍ឯក នុច ថន ដែលបានចូលបម្រើកងទ័ព ដើម្បីបុព្វហេតុរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ១៩៧៩ ហើយបានចូលរួមអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។

ឧត្តមសេនីយ៍ឯក នុច ថន បានថ្លែងថា៖ «គ្រួសារយើងខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងនូវកត្តញូនិងកតវេទី យ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន»

ឧត្តមសេនីយ៍ឯក នុច ថន ក៏បានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។

ឧត្តមសេនីយ៍ឯក នុច ថន បានរៀបរាប់ពីប្រវត្តិការងារថា នៅឆ្នាំ១៩៧០ បានចូលបម្រើកងទ័ពរំដោះនៅស្រុកឆ្លូង ខេត្តក្រចេះ ហើយបានផ្ទេរមកកងទ័ពតំបន់២១ ក្នុងកងវរសេនាធំតំបន់២១ ដែលដឹកនាំដោយសមមិត្ត ហ៊ុន សែន។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ វេលាម៉ោង ២១:០០យប់ សមមិត្ត ហ៊ុន សែន បានដឹកនាំចេញទៅប្រទេសវៀតណាម ព្រមទាំងយុទ្ធមិត្ត ៣រូបទៀត គឺសមមិត្ត ញឹក ហួន សមមិត្ត ស៊ូ គឹមស្រៀង (ហៅសាញ់) និងសមមិត្ត វ៉ា ប៉ោអៀន ដើម្បីស្វែងរកការគាំទ្រជំនួយឧបត្ថម្ភសម្រាប់កសាងកម្លាំងប្រដាប់អាវុធធ្វើការសង្គ្រោះជាតិ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ចូលរួមបង្កើតកម្លាំងទ័ព១២៥ និងឈានទៅបង្កើតគណៈបញ្ជាការអង្គភាព៥៧៨ ក្រោមការដឹកនាំរបស់សមមិត្ត ហ៊ុន សែន ដោយទទួលភារកិច្ចជាអនុប្រធាននយោបាយ ជាប្រធានវរសេនាតូចលេខ១៦ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ជាសមាជិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាសមាជិកសភាខេត្តកំពង់ចាម ជាប្រធានសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា អគ្គនាយកចម្ការកៅស៊ូ អនុប្រធានគណៈស្រាវជ្រាវសេដ្ឋកិច្ចមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ទីប្រឹក្សា លោក ស ខេង ទីប្រឹក្សា, ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទីប្រឹក្សាក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក នុច ថន ក៏បានលើកឡើងផងដែរថា យុវជនជំនាន់មុនបានយកជីវិតធ្វើជាដើមទុនដើម្បីបុព្វហេតុប្រជាជន និងប្រទេសជាតិ ដើម្បីសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះ ស្មើមុខមាត់ ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយុវជនជំនាន់ក្រោយក្រៅពីបន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន ត្រូវប្រកាន់ខ្ជាប់នូវចំណុច៤សំខាន់៖

១៖ ត្រូវខិតខំអនុវត្តគោលនយោបាយរបស់បក្ស
២៖ ត្រូវកសាង វិន័យ សីលធម៌
៣៖ ត្រូវបន្តខិតខំរៀនសូត្រ ជៀសវៀងអំពើទុច្ចរិត
៤៖ ត្រូវចេះសាមគ្គីធម៌ កុំរើងអើងវណ្ណៈក្នុងសង្គម ព្រោះយុវជនជាទំពាំងស្នងឫស្សី។

ឧត្តមសេនីយ៍ឯក បានបន្តទៀតថា សូមគាំទ្រគំនិតផ្តួចផ្តើមដ៏ល្អរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងសូមបន្តវប្បធម៌ដ៏ប្រពៃរបស់យើងនេះតទៅមុខទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកឧត្តមសេនីយ៍ឯក នុច ថន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាឧត្តមសេនីយ៍ឯក មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕