(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញ ហើយបាននឹងកំពុងបន្តបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។

ការលើកឡើបែបនេះ របស់ឧត្តមសេនីយ៍ឯក លឹម តុងហួត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដល់ក្មួយៗ ចំនួនជាង១០០នាក់ នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា តាមរយៈការសម្របសម្រួលពីសមាគមកាយរិទ្ធនារីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថា ការដាំដុះ ការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់ ទាំងនៅតំបន់ និងសកលលោក នៅតែបន្តកើនឡើងតាមបណ្តាប្រទេសជាច្រើន ពិសេសនៅក្នុងតំបន់អាស៊ី ហើយកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលពីបញ្ហាគ្រឿងញៀនដោយក្រុមឧក្រិដ្ឋជននៅតែបន្តប្រើប្រាស់គ្រប់ល្បិចកល ដើម្បីលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនចូលមកកម្ពុជា ទាំងតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ ដែលសមត្ថកិច្ចកម្ពុជាតែងតែបង្រ្កាបបានជាបន្តបន្ទាប់។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ដោយក្តីព្រួយបារម្ភនៅត្រង់ថាមានមនុស្សជាច្រើនបានដឹង បានឮ និងបានទទួលការណែនាំពីលោកគ្រូអ្នកគ្រូ ពីមាតាបិតា អាណាព្យាបាល ប៉ុន្តែនៅតែទៅចូលពាក់ព័ន្ធ និងប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនទៀត។ ប្រហែលជា១ឆ្នាំមុន លោកនឹងក្រុមការងារបានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ចូលជួប និងសម្ភាសន៍ជាមួយអ្នកទោសដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលក្នុងចំណោមមនុស្សជាង ៣០នាក់ គឺមានតែ១នាក់ទេ ដែលឆ្លើយថា គាត់មិនបានដឹង មិនបានឮអំពីគ្រឿងញៀន មុនពេលគាត់ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដោយឡែកមនុស្សស្ទើរតែទាំងអស់ គឺបានឆ្លើយថា កាត់បានដឹង បានឮ និងបានទទួលការណែនាំពីមាតាបិតា អាណាព្យាបាល មុនពេលពួកគាត់ចូលពាក់ព័ន្ធនឹងគ្រឿងញៀនតាមរយះខ្លួនឯងចង់ដឹងសាក និងការអូសទាញពីមិត្តភក្តិ។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តទៀត អរគុណដល់អង្គការដែលបានរៀបចំ ហើយតាមរយការបណ្តុះបណ្តាលនេះ ក្មួយៗនឹងទទួលបានព័ត៌មានកាន់តែច្បាស់ថា អ្វីទៅជាគ្រឿងញៀន? គ្រឿងញៀនបង្កផលប៉ះពាល់អ្វី? ហើយជាមួយគ្នានេះ ក៏នឹងបានយល់ដឹងអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងវិធីសាស្រ្តមួយចំនួនក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន កុំកើតមានមកលើខ្លួនយើង កុំឱ្យរាលដាលដល់គ្រួសារ និងសហគមន៍របស់យើង តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ពីវាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា៕