(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ដែលដណ្តើមមេដាយមាសស៊ីហ្គេម២០២៣ នៃការប្រកួតកីឡាជឺជីតស៊ូ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ។

តាមរយៈបណ្តាញទំនាក់ទំនង Telegram សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាថដូច្នេះថា «ចៅស្រី ខាន់ ចេសា ពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតថ្ងៃនេះ។ ក្រៅពីការប្រកួតយកឈ្នះ ចៅបានបង្ហាញនូវកាយវិការប្រកបដោយសីលធម៌ និងគុណធម៌ ចំពោះគូរប្រកួតប្រកបដោយមិត្តភាពសាកសមជាតំណាងជាតិខ្មែរក្នុងវិស័យកីឡា។ ជូនពរចៅសុខភាពល្អ និងជោគជ័យបន្តទៀត»

សូមបញ្ជាក់ផងថា ខាន់ ចេសា បានឈ្នះមេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្រោយយកឈ្នះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕