(ភ្នំពេញ)៖ សិក្ខាកាមដែលសិក្សាលើជំនាញថតរូប នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) ប្រមាណជាង៣០នាក់ នៅចុងសប្តាហ៍មុននេះ បានបំពេញទស្សនកិច្ចសិក្សា នៅវិមានឈ្នះឈ្នះ ដែលជានិមិត្តរូប នៃសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា។

ក្រុមសិក្ខាកាម ត្រូវបានដឹកនាំដោយ លោក ហេង ស៊ីនិត្យ ជាគ្រូបណ្តុះបណ្តាលជំនាញថតរូបរបស់ FTC កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្តិតយករូបភាពផ្សេងៗ នៅបរិវេណវិមានឈ្នះឈ្នះ ហើយក៏ជាការតេស្តសាកល្បងនូវចំណេះដឹង និងសមត្ថភាព បន្ទាប់ពីបានសិក្សាជំនាញនេះរយៈពេល១ខែកន្លងមក។

លោក ហេង ស៊ីនិត្យ គ្រូបណ្តុះបណ្តាលជំនាញថតរូបរបស់ FTC បានលើកឡើងថា ទស្សនកិច្ចសិក្សានេះ សិក្ខាកាមនឹងទទួលបានអត្ថប្រោយជន៍៣ចំណុច ក្នុងនោះរួមមាន៖ ១៖ ស្វែងយល់អំពីវិមាន ឈ្នះ ឈ្នះ ដែលកសាងដោយរាជរដ្ឋាភិបាល, ២. ទុកជាឯកសារប្រវត្តិសាស្ត្រកម្ពុជា និង ៣.ដុសខាត់លើកវិស័យថតរូប ឲ្យកាន់តែល្អថែមទៀត។

វិមាន​អនុស្សាវវរី​យ៍នយោ​បាយ​ឈ្នះ-ឈ្នះ ត្រូវបានសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ និងសម្ពោធដាក់ឱ្យប្រើ​ប្រាស់ នៅខែធ្នូ ឆ្នាំ២០១៨ ដែលចំនឹងខួប២០ នៃនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន។ នយោបាយនេះ បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងខ្មែរក្រហម ដែលបង្កើតនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា ជាប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងសុខដុមរមនារបស់ប្រជាពលរដ្ឋ។

សិក្ខាកាមវគ្គសិក្សាលើជំនាញថតរូបក្នុងវិស័យសារព័ត៌មាន ជំនាន់ទី២ របស់ FTC បានសម្តែងភាពសប្បាយរីករាយ ចំពោះទស្សនកិច្ចសិក្សានាពេលនេះ ដែលទទួលបានទាំងចំណេះដឹងអំពីប្រវត្តិសាស្ត្រ និងជំនាញថតរូប។ ពួកគាត់ប្តេជ្ញាខិតខំរៀនសូត្រ និងយកជំនាញនេះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់អង្គភាព និងសង្គម។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម៕