(ភ្នំពេញ)៖ អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីឆ្នាំមុន។

អតីតប្រធានាធិបតី បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងកំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោក និងគណៈប្រតិភូរបស់ទីម័រខាងកើត មកកាន់កម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣។

អតីតប្រធានាធិបតីទីម័រខាងកើត លោក Xanana Gusmao បានមានប្រសាសន៍ថា៖ «នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញតួនាទីជាប្រធានអាស៊ានបានយ៉ាងល្អ។ ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាដទៃទៀត យើងមិនអាចទាមទារបន្ថែមលើសពីនេះទៀតបានទេ។»

លោកបានបន្ថែមថា៖ «ចំពោះយើងក៏ដូច្នោះដែរ យើងក៏មានរឿងជាច្រើន ដែលយើងត្រូវពន្យារពេលដោយសារជំងឺកូវីដ១៩ និងបញ្ហាផ្សេងទៀត»។

ជាមួយគ្នានេះដែរ លោក Xanana Gusmao ក៏បានកោតសរសើរចំពោះការរៀបចំ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

«ខ្ញុំដឹងថា វាជាក្តីសុបិនរបស់ប្រជាជនកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ។ អ្នកត្រូវរង់ចាំជាង ៦០ឆ្នាំ ដើម្បីរៀបចំវា។ វាជាការៀបចំលើកដំបូង ហើយវាពិតជាអស្ចារ្យ និងឥតខ្ចោះ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដែលប្រជាជនកម្ពុជាបានរៀបចំខ្លួនជាស្រេច ដើម្បីបង្ហាញទៅអាស៊ាន និងពិភពលោកថាពួកគេបានត្រៀមខ្លួនរួចរាល់ហើយ» លោក Xanana Gusmao បានគូសបញ្ជាក់បេបនេះ។

លោកបានបន្តថា៖ «ទាក់ទងនឹងការប្រកួតនេះ វាជាការប្រកួតក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើតឱ្យកាន់តែរឹងមាំបន្ថែមទៀត។ កីឡារស់នៅក្នុងសន្តិភាព ហើយកីឡាគឺសំដៅលើសពីក្បាច់គុន»

ក្នុងឱកាសនោះ អតីតប្រធានាធិបតី Xanana Gusmao ក៏បានសន្យាថានឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសវិស័យអប់រំ និងកសិកម្ម ហើយទីម័រខាងកើតបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយកម្ពុជា។

អតីតប្រធានាធិបតី Xanana Gusmao បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមការបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ នាថ្ងៃទី៦ ខែឧសភា អតីតប្រធានាធិបតី រួមនិងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។