(កណ្ដាល)៖ បណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតីក្នុងពិធីបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយយុវជនគណបក្ស ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល។

ពិធីនេះ មានការចូលរួមពីតំណាង គណៈពង្រឹងឃុំ អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួលក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ប្រធាន-អនុប្រធានក្រុមការងារ ចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ លោក ចេង ឌីណា ប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល សមាជិកសមាជិកាក្រុមការងារយុវជនស្រុក និងសមាជិកសមាជិកាថ្មី ជាយុវជន សរុបប្រមាណ ៧៥០ នាក់។

សមាជិកសមាជិកាថ្មី ជាយុវជន ដែលបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាលនៅថ្ងៃនេះ គឺមានចំនួន ៣ ឃុំ មានសមាជិកសរុបចំនួន ៧១៣ នាក់ ស្រី ៣៥៨ នាក់ ក្នុងនោះឃុំរកាជន្លឹងចំនួន ២១៨ នាក់ ស្រី ១១៩ នាក់, ឃុំជ័យធំចំនួន ២៦៣ នាក់ ស្រី ១១៧ នាក់, និងឃុំកំពង់ចំលងចំនួន ២៣២ នាក់ ស្រី ១២២ នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងនូវការអបអរសាទរចំពោះសមាជិកសមាជិកាថ្មី ជាយុវជន ដែលបានស្ម័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានគណបក្សរៀបចំពិធីប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកផ្លូវការ នាឱកាសនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតបានថ្លែងជម្រាបជូនក្មួយៗជាយុវជន អំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញឲ្យឃើញពីភាពអស្ចារ្យខ្លាំង និងលេចធ្លោជាងគេបំផុត នៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដោយទទួលបាននូវការអបអរសាទរ និងកោតសសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងពីបណ្តាប្រទេសនានាលើពិភពលោក។

គិតត្រឹមថ្ងៃនេះ កីឡាករកីឡាការិនីកម្ពុជាទទួលបានមេដាយមាសជាង៧០ គឺច្រើនជាងគេបំផុត ក្នុងនាមជាម្ចាស់ផ្ទះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដែលនេះ គឺសបញ្ជាក់ឲ្យឃើញពីចលនាជាតិមួយដ៏ខ្លាំងក្លា និងការរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរក្នុងពិភពលោក ដើម្បីលើកកម្ពស់កិត្តិយស មុខមាត់ កេរ្តិ៍ឈ្មោះ របស់កម្ពុជាលើឆាកជាតិ និងអន្តរជាតិ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនេះ គឺបានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវ ល្អឥតខ្ចោះ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងការដឹកនាំ រៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិធំៗជាច្រើនលើក ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នាពេលកន្លងមក និងជាពិសេសព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមនេះ ដោយក្នុងនោះដែរ គឺសម្តេចតេជោ មិនឲ្យមានការលក់ការផ្សព្វផ្សាយ សំបុត្រចូលទស្សនាមិនឲ្យមានការបង់ថ្លៃ ព្រមទាំងទទួលរៀបចំសម្រាប់ការស្នាក់នៅ និងហូបចុករបស់ក្រុមកីឡាបរទេសទាំង១១ប្រទេស ដោយមិនឲ្យមានការបង់ថ្លៃឡើយ ដែលធ្វើឲ្យអន្តរជាតិមានការស្ញប់ស្ញែង និងកោតសសើរជាខ្លាំង «ខ្មែរប្រទេសតូច តែបេះដូងធំ» និង «ខ្មែរហ៊ានធ្វើ ខ្មែរធ្វើបាន» ដែលនេះ គឺជាមោទនភាពដ៏ធំធេងរបស់ជាតិខ្មែរយើង ហើយនៅពេលថ្មីៗនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបានសញ្ញាបត្រដាន់ កម្រិត ៩ ដាន់ ពីសហព័ន្ធការ៉ាតេពិភពលោក ដែលនេះ គឺជាកិត្តិយស និងមោទនភាពបន្ថែមមួយទៀតរបស់ខ្មែរយើងផងដែរ។

លោកបណ្ឌិត ក៏បានរំលឹកជម្រាបជូនក្មួយៗជាយុវជនអំពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ដែលមានអាយុ ៧២ ឆ្នាំ ដោយបានឆ្លងកាត់ច្រើនដំណាក់កាល ក្នុងការតស៊ូដណ្តើមឯករាជ្យ រំដោះជាតិមាតុភូមិ កសាងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយទទួលបាននូវកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកជាតិ និងអន្តរជាតិ។

លោកបណ្ឌិតបានស្នើដល់ក្មួយៗជាយុវជន ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាត្រូវ៖ ចូលរួមលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាពល្អ បញ្ញាភ្លឺថ្លាវាងវៃ, ប្រព្រឹត្តិតែអំពើល្អ អំពើជាកុសល, ចូលរួមធ្វើការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថានដូចជាដាំដើមឈើឲ្យបានច្រើន និងសម្អាតអនាម័យតាមទីសាធារណៈ, គិតគូរអំពីសេដ្ឋកិច្ច ដោយចាប់ធ្វើការងារអាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឲ្យបានរីកចម្រើន, ចូលរួមធ្វើការងារនយោបាយ និងចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

បន្ថែមលើនេះ លោកបណ្ឌិត ក៏បានរំលឹកជម្រាបជូនក្មួយៗ អំពីបំណងប្រាថ្នារបស់សម្តេចតេជោ នាយកដ្ឋមន្រ្តី គឺនៅឆ្នាំ២០៣០ នឹងប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់គណបក្សស្រុក និងសមាជិកសមាជិកគណបក្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ៕