(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា កងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន សូមផ្ញើការគាំទ្រ និងលើកទឹកចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាទាំងអស់ ដែលកំពុងតស៊ូយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមជ័យជម្នះជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ តាមរយៈភាសាបេះដូងពីចម្ងាយ។

ការផ្ញើសារបេះដូងរបស់កងកម្លាំងប្រដាប់អាវុធការពារបន្ទាត់ព្រំដែន បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោក ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នាំយកអាវអាវភ្លៀង សម្ភារចាំបាច់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទិសទី១ ទី២ ទី៣ ចំណុះយោធភូមិភាគទី៤ នៃកងទ័ពជើងគោក ស្ថិតក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្នុងឋានៈជាម្ចាស់ផ្ទះ យើងក៏មិនភ្លេចដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនរបស់យើងនោះដែរ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធជានិច្ច ជាពិសេសស្របពេលដែលរដូវវស្សាខិតជិតចូលមកដល់ បើទោះបីជាមានការមមាញឹកយ៉ាងណា។

ទោះមានកាតព្វកិច្ចជាប់ខ្លួន កងកម្លាំងប្រដាប់អាវុធសូមផ្ញើការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកីឡាករជម្រើសជាតិ ដែលកំពុងតស៊ូយ៉ាងស្វិតស្វាញដណ្តើមជ័យជម្នះជូនប្រទេសជាតិ តាមរយៈភាសាបេះដូងផ្ញើជូនពីចម្ងាយ»។

សូមជម្រាបថា នាឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងប្រទេសមានសុខសន្តិភាព ក៏កងកម្លាំង ទាំងអស់តែងតែចុះជួយសង្រ្កោះប្រជាពលរដ្ឋ៕