(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាលជាមួយ លោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចទ្វេភាគីនៅកម្ពុជា និងដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី រាប់ពីការចាប់ផ្តើម នៃទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦៥ ក្រោយពេលដែលសិង្ហបុរីក្លាយជារដ្ឋឯករាជ្យ ដែលនៅពេលនោះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងបង្អស់ ដែលបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកាន់តែប្រសើរឡើង នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានលក្ខណៈជិតស្និទ្ធ, ស៊ីជម្រៅ និងប្រកបដោយទំនុកចិត្ត ដោយក្នុងនេះ សិង្ហបុរីក៏បានផ្តល់ការគាំទ្រផងដែរ ចំពោះភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជាការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមរយៈការផ្តល់ការហ្វឹកហ្វឺនផ្នែកការពារសន្តិសុខ-សុវត្ថិភាពដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាដើម។

ជាការឆ្លើយតប លោក Teo Chee Hean បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សិង្ហបុរី ដែលកំពុងមានវឌ្ឍនភាពរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ និងបានថ្លែងនូវការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗ ជាលក្ខណៈតំបន់ជាច្រើន ជាពិសេសភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ក្នុងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិក និងគណៈប្រតិភូកីឡារបស់សាធារណរដ្ឋសិង្ហបុរី ដែលកំពុងចូលរួមការប្រកួតនៅកម្ពុជា៕