(ហ្សាការតា)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់ អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ។

ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។

ប្រវត្តិសង្ខេបនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រជាជាតិអ៊ីស្លាមធំជាងគេបំផុតលើលោក៖

១៖ ព័ត៌មានទូទៅសំខាន់ៗអំពីឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ីមានកោះរហូតដល់ទៅច្រើនជាង ១៧,០០០កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាហេតុធ្វើឱ្យប្រទេសនេះតែងតែ ជួបប្រទះជាញឹកញាប់ នូវគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ កោះដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសាឥណ្ឌូណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea)។

* មានឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋឥណ្ឌូណេស៊ី
* មានរដ្ឋធានីឈ្មោះ៖ ហ្សាការតា
* មានផ្ទៃដីទំហំ៖ ១.៩លានគីឡូម៉ែត្រក្រឡា
* ជាប្រទេសកាន់របបប្រជាធិបតេយ្យធំបំផុតទី៣ លើលោកបន្ទាប់ពីឥណ្ឌា និងអាមេរិក
* មានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនជាងគេបំផុតនៅលើពិភពលោក
* ជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក
* មានប្រជាជនចំនួន៖ ២៧៧.៦លាននាក់ (ឆ្នាំ២០២០)
* មានភាសាតំបន់សំខាន់ៗ៖ ៣០០ភាសា
* មានសាសនាធំជាងគេ៖ អ៊ីស្លាម
* មានអត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៦៧ឆ្នាំ និងមនុស្សស្រី ៧១ឆ្នាំ
* មានរូបិយវត្ថុ៖ ឥណ្ឌូណេស៊ូរូពី (Rupiah)

២៖ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី
ធនាគារពិភពលោក បានឱ្យថា GDP របស់ឥណ្ឌូណេស៊ីមាន ១.១៨៦ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១ ខណៈ GDP ប្រជាជនម្នាក់គឺ ៤,៣៣២.៧១ដុល្លារ (ឆ្នាំ២០២១)។ ឥណ្ឌូណេស៊ីក៏ជាសមាជិកនៃក្រុមប្រទេស G20 ផងដែរ។

៣៖ មេដឹកនាំនៃប្រទេសឥណ្ឌូណេស៊ី
ប្រធានាធិបតីបច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo)។

៤៖ ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី
* ឆ្នាំ១៦៧០-១៩០០៖ ឥណ្ឌូណេស៊ីទាំងមូលត្រូវស្ថិតនៅក្រោមអាណានិគមរបស់ហូឡង់

* ឆ្នាំ១៩៤២៖ ឥណ្ឌូណេស៊ីត្រូវជប៉ុនគ្រប់គ្រង
* ឆ្នាំ១៩៤៩៖ ហូឡង់ទទួលស្គាល់ឯករាជ្យរបស់ឥណ្ឌូណេស៊ី ហើយលោក ស៊ូកាណូ (Sukarno) ឡើងកាន់តំណែងជាប្រធានាធិបតី
* ឆ្នាំ១៩៦៦៖ លោក Sukarno ប្រគល់អំណាចឱ្យលោកឧត្ដមសេនីយ ស៊ូហាតូ (Suharto)
* ឆ្នាំ១៩៧៦៖ ឥណ្ឌូណេស៊ីលើកទ័ពវាយចូលទីម័រខាងកើត យកមកធ្វើជាខេត្តមួយរបស់ខ្លួន
* ឆ្នាំ១៩៩៨៖ ផ្ទុះបាតុកម្មតវ៉ាទម្លាក់លោក Suharto ចេញពីតំណែង
* ឆ្នាំ១៩៩៩៖ ទីម័រខាងកើតរៀបចំការបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពីឥណ្ឌូណេស៊ី
* ឆ្នាំ២០០៤៖ មានការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ជាលើកដំបូងបំផុត។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់ អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងធុរជន មួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា ។

តាមការប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយ អាស៊ាន ជាសហគមន៍ដែល តម្រង់ ទិសដៅ អនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាព ធន់។

ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផល ប្រយោជន៍ រួមទាំងការអនុវត្តលើការព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តី សម្រេច របស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុង ឡាប៊ូន បាចូ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបទ្វេភាគីជាមួយ សមភាគីអាស៊ានរបស់សម្តេច និងឥស្សរជនអាស៊ាន មួយចំនួនផងដែរ។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាននេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC) ដើម្បីត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំ កំពូល អាស៊ាន ខាងលើនេះផងដែរ៕