(ភ្នំពេញ)៖ «ជាដំបូងកូនស្រីកម្ពុជាម្នាក់នេះ សូមគោរពឧទ្ទិសលទ្ធផលនេះ ជូនចំពោះមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ គោរពជូនថ្នាក់ដឹកនាំ និងប្រជាជនខ្មែរគ្រប់រូបដោយក្តីមោទនភាពដ៏ខ្ពង់ខ្ពស់ក្រៃលែងរបស់នាងខ្ញុំ» នេះជាសេចក្តីថ្លែងអំណរគុណ របស់កីឡាការិនី ស្រួង ភាវី ក្រោយយកបានមេដាយមាស។
កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម Honag Yen Nhi Nguyen យ៉ាងស្វិតស្វាញនៃលំដាប់ពិន្ទុ ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាកីឡាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើងនៅផ្សារទំនើបអ៉ីអន សែន សុខ ជាន់ទី៣ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
តាមរយៈបណ្តាញព័ត៌មាន Fresh News ស្រួង ភាវី បានបន្តថា សារជូនពររបស់ពុកម៉ែបងប្អូន ពិតជាមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបាន។ ប្រជាជនស្រុះស្រួលសាមគ្គីគ្នា នុះនាវាកម្ពុជាប្រកបជាលឿនលយឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់បំផុត។
ម្ចាស់មេដាយមាសបន្ថែមថា «កម្លាំងចិត្តពុកម៉ែបងប្អូន ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូន ការលើកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូន គឺពិតជាធ្វើឱ្យសម្រេចបាននូវក្ដីស្រមៃរបស់កម្ពុជា។ សូមពុកម៉ែបងប្អូនទទួលនូវការគោរពស្រលាញ់អំពីនាងខ្ញុំសូមគោរពជូនពរពុកម៉ែបងប្អូន សូមអរគុណ»