(ភ្នំពេញ)៖ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញអំពីកម្មវិធីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹង​ប្រព្រឹត្ត​ទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

លោកបានអះអាងថា សម្តេចតេជោ ហ៊ុន សែន នឹងទទួលជួប លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រលេស្តេ ដែលកិច្ចប្រជុំអាស៊ាននេះ ជាកិច្ចប្រជុំកំពូលអាស៊ានដំបូងហើយ ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីទីម័រលេស្តេ ជាគោលការណ៍គឺជាសមាជិកទី១១ របស់អាស៊ាន។

លោកបានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូលនេះ អាស៊ាននឹងពិនិត្យជុំវិញសមិទ្ធផលដែលអាស៊ានសម្រេចបាននាពេលកន្លងមក និងការងារទំនាក់ទំនងជាមួយនឹងប្រទេសខាងក្រៅ ក្នុងពេលដែលសភាពការណ៍ក្នុងតំបន់ និងពិភពលោកមានការប្រែប្រួលច្រើន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា ជាពិសេសសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាសកល។

បន្ទាប់ពីកិច្ចប្រជុំពេញអង្គ សម្តេចនឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនានា មានដូចជា កិច្ចប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា) ជាមួយយុវជនអាស៊ាន និងកិច្ចប្រជុំជាមួយនឹងស្ថាប័នមួយចំនួនទៀត។

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់ អាស៊ាន៖ ស្នូលនៃកំណើន»។ តាមការប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹក​នាំ​អាស៊ាន នឹងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះ​នៃការ​កសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយ អាស៊ាន ជាសហគមន៍ដែល តម្រង់ ទិសដៅ អនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាព ធន់។

ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផល ប្រយោជន៍ រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តី សម្រេច របស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ ។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាននេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC) ដើម្បីត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំ កំពូល អាស៊ាន ខាងលើនេះផងដែរ៕