(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង សហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងអញ្ជើញចូលរួម កិច្ចសន្ទនាវាងប្រមុខដឹកនាំអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលនឹងពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលវិស័យឯកជនទូទាំងតំបន់អាស៊ានកំពុងជួបប្រទះ ការដាក់ជូននូវរបាយការណ៍អនុសាសន៍ជូនប្រមុខដឹកនាំអាស៊ាន និងវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំងអស់ នឹងអញ្ជើញចូលរួម ពិធីជប់លៀងអាហារពេលល្ងាចរៀបចំដោយ ប្រធានាធិបតី ឥណ្ឌូនេស៊ី។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំធុរកិច្ច និងវិនិយោគផ្សេងៗទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាការតភ្ជាប់ធុរកិច្ច ក្នុងក្របខណ្ឌអាស៊ាន៕