(កំពង់ឆ្នាំង)៖ ក្រុមគ្រួសារស្ត្រីមេម៉ាយក្រីក្រ និងមានជំងឺប្រចាំកាយ រស់នៅក្នុងភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែលបានឧបត្ថម្ភថវិកាចំនួន៤លានរៀល និងប្រចាំខែ១លានរៀល សម្រាប់ផ្គត់ផ្គង់ជីវភាព បន្ទាប់ពីឧបនាយករដ្ឋមន្ដ្រី បានឃើញនូវការអំពាវនាវរបស់គ្រួសារខ្លួន។

នៅព្រឹកថ្ងៃតី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានថវិកា ដែលជាអំណោយសប្បុរសរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្រុមគ្រួសារស្ត្រីក្រីក្រខាងលើនេះ មានចិត្តរំភើបរីករាយឥតឧបមា និងបានលើកដៃសំពះថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកឧបនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ របស់លោកដែលបានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន ជួយសង្គ្រោះដល់ជីវិតក្រុមគ្រួសាររបស់ពួកគាត់។

ក្រុមគ្រួសារពួកគាត់ គ្មានអ្វីក្រៅពីលើកដៃសំពះបួងសួងដល់វត្តុសាកសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មីសូមជួយតាមថែរក្សាដល់លោកឧបនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនសុខភាព ល្អបរិបូណ៌ អាយុយឺនយូរ និងសម្រេចបាននូវរាល់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបថា តាមរយៈបណ្ដាញព័ត៌មាន Fresh News ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់អំពីការឧបត្ថម្ភថវិកាចំនួន៤លានរៀល និងបន្ថែម១លានរៀលប្រចាំខែ ជូនស្ត្រីមេម៉ាយមានកូនស្រី៣នាក់ ជីវភាពក្រីក្រ និងមានជំងឺប្រចាំកាយ រស់នៅក្នុងភូមិអូរកណ្ដាល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បន្ទាប់ទទួលបានព័ត៌មានពីបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ ដែលបានផ្សាយការអំពាវនាវរបស់ស្ដ្រីមេម៉ាយខាងលើ។

ត្រីមេម៉ាយកូន៣នាក់មានជីវភាពក្រីក្រ ដែលស្រ្តីជាម្ដាយមានជំងឺរ៉ាំរ៉ៃប្រចាំកាយហើយមិនមានប្រាក់ព្យាបាល ម្យ៉ាងកូនស្រី៣នាក់របស់គាត់បានឈប់រៀន ដើម្បីនៅមើលថែម្ដាយ ហើយពួកគេ ក៏មិនទាន់គ្រប់អាយុ ក្នុងការចូលបម្រើការងារ ម្យ៉ាងទៀតនោះ មិនមានផ្ទះសម្បែង ឬដីធ្លីសម្រាប់ធ្វើស្រែចំការទៀតផង បច្ចុប្បន្នពួកគេ បានសុំផ្ទះរបស់គេស្នាក់នៅជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងភូមិអូរកណ្ដាល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង តាមដានជំងឺស្ត្រីមេម៉ាយមានកូនស្រី៣នាក់ ដែលជីវភាពក្រីក្រ ថាតើមានកើតជំងឺមហារីក ឬអត់។ តាមរយៈបណ្តាញ Fresh News នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ថ្លែងថា បើស្ត្រីរូបនោះកើតមហារីកត្រូវបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ៕