(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ត្រូវបាននាំយកចែកជូនជនរងគ្រោះ តាមរយៈលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ អមដំណើរដោយលោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយការបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ចំនួន១១គ្រួសារ ដែលរងគ្រោះអគ្គីភ័យឆាបឆេះ ឃ្លាំង និងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំនុចផ្លូវលំ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក​ ហែម ដារិទ្ឋ ក្នុងឱកាសចែកអំណោយបានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យ​ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហម​ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដែលតែងតែជួយឈឺឆ្អាល និងជួយសម្រាលទុក្ខ លំបាកប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ​ លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំជួយសង្គ្រោះរបស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គិភ័យកើតឡើងភ្លាមៗផងដែរ​។

ជាមួយគ្នានោះ លោក​ ហែម ដារិទ្ឋ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានការខ្វះខាតស្បៀង ត្រូវទាក់ទងមកតាមប្រធានភូមិ​ រឺចៅសង្កាត់ ដើម្បីបានជួយសង្គ្រោះបន្ថែមទៀត។ លោកប្រធានកិត្តិយសអនុសាខាសាខាកាកបាទក្រហម កម្ពុជាខណ្ឌមានជ័យ ក៏បានណែនាំឲ្យលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ជាពិសេសប្រើប្រាស់ក្នុងការទៅបោះឆ្នោតខាងមុខនេះ។

ក្នុងនោះដែរ លោកអភិបាលខណ្ឌមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គិភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»

លោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានឲ្យដឹងថា ថ្ងៃនេះ ជាលើកទី២ហើយ ដែលក្រុមការងារកាកបាទខណ្ឌមានជ័យ សង្កាត់ បានចុះមកសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គិភ័យនេះ។

លោកស្រីបញ្ជាក់ថា អំណោយកាកបាទក្រហមផ្តល់ជូន ដើម្បីយកទៅជួយដោះស្រាយមួយរយៈ ខណៈប្រជាពលរដ្ឋ កំពុងជួបការលំបាកនាពេលនេះ។

ពិធីចែកអំណោយ ដែលមានគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់ ខាងលើនេះ ត្រូវបានប្រគល់ នៅចំពោះមុខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ អគ្គិភ័យខាងលើ នៅនឹងកន្លែងផ្ទាល់ ដោយក្នុង១គ្រួសារ ទទួលបាន៖ ១-អង្ករ ២៥គីឡូ, មី ១កេស, ពងទា ១៥គ្រាប់, បំពង់ទឹកក្តៅ ១, ចានស្រាក់ ១, ឆ្នាំង ១, ខ្ទះ ១, វែកសម្ល ១, ទឹកក្រូច, ទឹកសុទ្ធ ១កេស, ការទឹក ១ និងធុងទឹកជ័រ ១, កន្ថោរ ០១, កំប៉ុងដាក់គ្រឿងទេស ចំនួន៣, ទឹកដោះគោខាប់ ២កំប៉ុង, ស្កសរ ១គីឡូ និងថវិកា ចំនួន ៣០ម៉ឺនរៀល ។

ទន្ទឹមនឹងបានទទួល អំណោយនេះផងដែរ អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមថ្លែង អំណរ គុណដល់លោកប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដែលបានគិតគូរ និងបាននាំអំណោយមកចែកជូនដល់ពួកគាត់។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភដល់គ្រួសាររងគ្រោះ ដោយអគ្គិភ័យ ដោយក្នុង១គ្រួសារ ចំនួន ២០ម៉ឺនរៀល៕