(កោះកុង)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភអំណោយរបស់សម្ព័ន្ធមេត្រីភាព ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ឈរជើងក្នុងភូមិសាស្ត្រខេត្តកោះកុង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឡើងរាយការណ៍ពីស្ថានភាព និងវឌ្ឍនភាពរបស់កម្លាំងនគរបាលការពារព្រំដែនទឹក ដែលសម្រេចបាននាពេលកន្លងមកផងដែរ។

ថ្លែងទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើង នៅតាមបន្ទាត់ព្រំដែនដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍ គ្រោះមហន្តរាយនានា។

សម្តេច ម៉ែន សំអន បានអះអាងថា នេះជាលើកទី១១ហើយដែលក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច រួមជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងក្រុមហ៊ុន គូហ៊ូ ឡុង រួមជាមួយវិស័យឯកជនផ្សេងទៀត បានចុះមកសំណេះសំណាលដល់កងកម្លាំងដែលឈរជើងនៅភូមិសាស្រ្ដខេត្តកោះកុងនាថ្ងៃនេះ។

សម្តេចបានបន្តទៀតថា បើទោះបីកម្ពុជាមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច ជាពិសេសកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលនេះជាការឆ្លុះបញ្ចាំង ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង។

ក្នុងពិធីនេះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់អង្គភាព ចំណុះគណៈបញ្ជាការនគរបាលជាតិដូចខាងក្រោម៖

* វរសេនាតូចលេខ៨២៧៖ អង្ករ ចំនួន១០តោន, ត្រីខ ចំនួន៣៥កេស, មីជាតិ ចំនួន១៥០កេស, ទឹកត្រី ចំនួន១០០យួរ, ទឹកស៉ីអ៉ីវ ចំនួន១០០យួរ, ត្រីងៀត ចំនួន១០គីឡូក្រាម, ឆ័ត្រ ១០ដើម, ថ្នាំពេទ្យចំនួន៥កេសតូច។ ថវិកាសរុបចំនួន២៨,០០០,០០០រៀល និង៧,០០០ដុល្លារ សម្រាប់អភិវឌ្ឍន៍អង្គភាព។ សម្រាប់កងកម្លាំងចំនួន១៧៩នាក់ ម្នាក់១០០,០០០រៀល។

* វរសេនាតូចលេខ២៦៩៖ អង្ករ​ ចំនួន៩.៥០តោន, ត្រីខ ចំនួន៣០កេស, មីជាតិ ចំនួន១៣០កេស, ទឹកត្រី ចំនួន៨០យួរ, ទឹកស៉ីអ៉ីវ ចំនួន៨០យួរ, ត្រីងៀត ចំនួន១០គីឡូក្រាម, ឆ័ត្រ ១០ដើម, ថ្នាំពេទ្យចំនួន៥កេសតូច។ ថវិកាសរុបចំនួន២០,០០០,០០០រៀល និង៣,០០០ដុល្លារ សម្រាប់អភិវឌ្ឍន៍អង្គភាព។ សម្រាប់កងកម្លាំងចំនួន១៤១នាក់ ម្នាក់១០០,០០០រៀល។

* ទីបញ្ជាការគណៈបញ្ជាការភូមិភាគ៣៖ អង្ករ ចំនួន៥០០គីឡូ, ត្រីខ ចំនួន០៥កេស, មីជាតិ ចំនួន២០កេស, ទឹកត្រី ចំនួន២០យួរ, ទឹកស៉ីអ៉ីវ ចំនួន២០យួរ, ត្រីងៀត ចំនួន១០គីឡូក្រាម, ឆ័ត្រ ១០ដើម, កុំព្យូទ័រលើតុ ចំនួន០១គ្រឿង, ម៉ាស៊ីនព្រីនធ័រ ចំនួន០១គ្រឿង, ថ្នាំពេទ្យចំនួន០៥កេសតូច។ ថវិកាសរុបចំនួន២,០០០,០០០រៀល សម្រាប់អភិវឌ្ឍន៍អង្គភាព។ សម្រាប់កងកម្លាំងចំនួន១៧នាក់ ម្នាក់១០០,០០០រៀល។