(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជាបានបន្តប្រកាសបញ្ចូលសមាជិក-សមាជិកាចំនួន៣៤៩នាក់ទៀត ទៅក្នុងបញ្ជីគណបក្សមូលដ្ឋានឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់គោ។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែនឹករលឹកដល់សមាជិក-សមាជិកាគណបក្សនៅទូទាំងប្រទេស ពិសេសលោកស្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន៣៤៩នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺសមាជិកបក្សម្នាក់ ជាសំឡេងឆ្នោតមួយសន្លឹក។

លោកស្រីបានចាត់ទុកការចូលរួមនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជាជាបក្សនយោបាយដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

លោកស្រីបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ជាពិសេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិធំៗជាច្រើនលើកប្រកបដោយជោគជ័យ យ៉ាងត្រចះត្រចង់នាពេលកន្លងមក និងជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយក្នុងនោះដែរសម្តេចតេជោមិនឲ្យមានការលក់ការផ្សព្វផ្សាយ សំបុត្រចូលទស្សនាមិនឲ្យមានការបង់ថ្លៃ ព្រមទាំងទទួលរៀបចំសម្រាប់ការស្នាក់នៅ និងហូបចុករបស់ក្រុមកីឡាបរទេសទាំង១១ប្រទេស ដោយមិនឲ្យមានការបង់ថ្លៃឡើយ ដែលធ្វើឲ្យអន្តរជាតិមានការស្ញប់ស្ញែង និងកោតសសើរជាខ្លាំង «ខ្មែរប្រទេសតូច តែបេះដូងធំ» និង «ខ្មែរហ៊ានធ្វើ ខ្មែរធ្វើបាន» ដែលនេះគឺជាមោទនភាពដ៏ធំធេងរបស់ជាតិខ្មែរយើង។

លោកស្រីក៏បានរំលឹកជម្រាបជូនយុវជនអំពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ដែលមានអាយុ៧២ឆ្នាំ ដោយបានឆ្លងកាត់ច្រើនដំណាក់កាលក្នុងការតស៊ូដណ្តើមឯករាជ្យ រំដោះជាតិមាតុភូមិ កសាងអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយទទួលបាននូវកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកជាតិនិងអន្តរជាតិ។

លោកស្រីបានស្នើដល់យុវជន ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាត្រូវចូលរួមលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាពល្អ បញ្ញាភ្លឺថ្លាវាងវៃ ប្រព្រឹត្តិតែអំពើល្អ អំពើជាកុសល ចូលរួមធ្វើការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើឲ្យបានច្រើន និងសម្អាតអនាម័យតាមទីសាធារណៈ គិតគូរអំពីសេដ្ឋកិច្ច ដោយចាប់ធ្វើការងារអាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យបានរីកចម្រើន ចូលរួមធ្វើការងារនយោបាយ និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

បន្ថែមលើនេះ លោកស្រី ឃួន ឃុនឌី ក៏បានរំលឹកជម្រាបជូនសមាជិកថ្មីអំពីបំណងប្រាថ្នារបស់សម្តេចតេជោនាយកដ្ឋមន្រ្តី គឺនៅឆ្នាំ២០៣០ នឹងប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕