(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាម្ចាស់ឧបត្ថម្ភធំផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីថ្លែងការណ៍ សូមសម្ដែងនូវការអបអរសាទរ យ៉ាងក្លៀវក្លាបំផុត ចំពោះការឆ្លើយតបជាវិជ្ជមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីថ្លែងការណ៍ បានសរសេរយ៉ាងដូច្នេះថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការឆ្លើយតបជាវិជ្ជមាន របស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តទៅទៀត តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនម្ចាស់ឧបត្ថម្ភធំផ្លូវការ និងមហាជននិយមស្នេហាកីឡាបាល់ទាត់កម្ពុជាដ៏ច្រើនលើសលុប។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចេញសារអន្តរាគមន៍ អំពាវនាវយ៉ាងទាន់ពេលវេលា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានិយមស្នេហាកីឡាបាល់ទាត់ ដើម្បីស្នើនាយឧត្តមសេនីយ៍ សៅ សុខា ដែលមានស្នាដៃ និងគុណបំណាច់ដ៏ធំធេង ក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៀត។

សម្តេចតេជោ គឺជាថ្នាក់ដឹកនាំកំពូល ដែលតែងតែយកចិត្តទុកដាក់ស្តាប់ និងក្តាប់បាននូវរាល់សភាពការណ៍ ហើយចេញមុខដោះស្រាយចំៗ បញ្ហាបានយ៉ាងទាន់ពេលវេលាបំផុត ប្រកបដោយភាពវៃឆ្លាត និងបញ្ញាញាណបំផុតពុំអាចរកអ្វីប្រៀបផ្ទឹមបានឡើយ ជាមួយនឹងទឹកចិត្តដ៏មហាធំធេង និងជាពិសេស គុណធម៌ដ៏ជ្រាលជ្រៅ ដោយតែងតែលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពទាំងឡាយ ដើម្បីរួមគ្នាកសាងអភិវឌ្ឍជាតិ និងជ្រោងទង់សន្តិភាពឱ្យបន្តបក់រវេចៗ ក្នុងស្មារតីរួបរួមសាមគ្គីខ្មែរតែមួយគួរជាទីមោទនៈបំផុត។

ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តគាំទ្រយ៉ាងពេញទំហឹង និងខិតខំប្រឹងប្រែងរួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីជំរុញការអភិវឌ្ឍវីស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែរីកចំរើនឈានឡើងបន្ថែមទៀតក្នុងឆាកអន្តរជាតិ៕