(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សរុបចំនួន ១០,១៣០នាក់ ក្នុងនោះស្រ្តីមានចំនួន ៥,០៥៦នាក់ ហើយ គ.ជ.ប ពុំទាន់បានទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយទេ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក មាន សទិ សមាជិក គ.ជ.ប។

លោក មាន សទិ បានឱ្យដឹងថា អ្នកសង្កេតការណ៍បោះឆ្នោតរួមមាន៖

*អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប

*អ្នកសង្កេតការណ៍អន្តរជាតិ គឺជាអ្នកសង្កេតការណ៍នៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលត្រូវបានអញ្ជើញ និងទទួលស្គាល់ដោយរាជរដ្ឋា-ភិបាលកម្ពុជា ហើយនិងបានអនុញ្ញាតដោយ គ.ជ.ប

*អ្នកសង្កេតការណ៍ជាតិចល័តសំដៅដល់ថ្នាក់ដឹកនាំ ឬមន្ត្រីរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជាតិ ដែលសាមីអង្គភាពស្នើសុំ និងត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ និងអនុញ្ញាតឱ្យសង្កេតមើលដំណើរការបោះឆ្នោតនៅទូទាំងប្រទេស។

ចំពោះតួនាទីរបស់អ្នកសង្កេតការណ៍ លោក មាន សទិ បានបញ្ជាក់ជូនថា អ្នកសង្កេតការណ៍មានសិទ្ធិធ្វើសកម្មភាពសង្កេតការណ៍បោះឆ្នោតដោយឯករាជ្យ។ អ្នកសង្កេតការណ៍ជាតិ អាចធ្វើដំណើរសង្កេតការណ៍ក្នុងរាជធានី ខេត្តដែលអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមនោះ បានស្នើសុំតែប៉ុណ្ណោះ លើកលែងតែអ្នកសង្កេតការណ៍ជាតិចល័តទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាត និងផ្តល់បណ្ណសម្គាល់ដោយ គ.ជ.ប។

លោកបានបន្តថា ចំពោះអ្នកសង្កេតការណ៍អន្តរជាតិ អាចធ្វើដំណើរគ្រប់ទីកន្លែងក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំចាំបាច់សុំការអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ លើកលែងតែដោយសារមូលហេតុច្បាស់លាស់ទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន។ ក្នុងករណីជួបគ្រោះអាសន្ន ឬអសន្តិសុខអ្វីមួយ អ្នកសង្កេតការណ៍ត្រូវជូនដំណឹងទៅមន្ត្រីបោះឆ្នោត និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីជួយដោះស្រាយទាន់ពេលវេលា។

លោក មាន សទិ បានបញ្ជាក់ជូនទៀតថា សិទ្ធិ ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកសង្កេតការណ៍បោះឆ្នោត និងបម្រាមចំពោះអ្នកសង្កេតការណ៍បោះឆ្នោត មានចែងនៅក្នុងសៀវភៅក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។

ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍អន្តរជាតិចូលរួមពិនិត្យមើលការបោះឆ្នោត តំណាង គ.ជ.ប ចាត់ទុកថាជាកិច្ចការមួយសំខាន់ ដើម្បីឆ្លុះបញ្ចាំងអំពីដំណើរការបោះឆ្នោតមានភាពត្រឹមត្រូវក្នុងកម្រិតណាមួយ។ ប៉ុន្តែក្នុងច្បាប់មិនបានចែងថា បើគ្មានអ្នកសង្កេតការណ៍បោះឆ្នោតចូលរួមទេ នោះការបោះឆ្នោតចាត់ទុកថា មិនយកជាការបានឡើយ។ ការសង្កេតការណ៍បោះឆ្នោតជាការស្ម័គ្រចិត្ត ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប បានធ្វើការអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោត។

ចំពោះរបាយការណ៍របស់អ្នកសង្កេតការណ៍បោះឆ្នោត លោក មាន សទិ បានសំណូមពរថា សូមអ្នកសង្កេតការណ៍ផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួន នៅក្នុងដំណើរការបោះឆ្នោតជូន គ.ជ.ប។ គ.ជ.ប មានសិទ្ធិផ្តល់យោបល់លើរបាយការណ៍នេះ។ អ្នកសង្កេតការណ៍អាចធ្វើការកែតម្រូវ ឬមិនកែតម្រូវតាមយោបល់របស់ គ.ជ.ប។ ក្នុងករណីមិនធ្វើការកែតម្រូវតាមយោបល់ គ.ជ.ប អ្នកសង្កេតការណ៍ត្រូវភ្ជាប់យោបល់នេះ នៅក្នុងផ្នែកខាងក្រោយនៃរបាយការណ៍របស់ខ្លួនដែលត្រូវធ្វើការផ្សព្វផ្សាយ៕