(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដាក់ដំឡើងបង្គោលអង់ទែនសេវាទូរស័ព្ទនៅតាមតំបន់ការពារធម្មជាតិ ដែលរហូតមកពេលនេះ តាមការសិក្សា គឺនឹងដាក់បង្គោលអង់ទែនចំនួន១០០ដើម នៅតាមតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលផ្នែកទេសចរណ៍។

ការឱ្យដឹងបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅតំបន់ការពារធនធានធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៨ ខែឧស ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានដាក់ដំឡើងបង្គោលអង់ទែនសេវាទូរស័ព្ទ នៅតាមតំបន់ការពារធម្មជាតិនានា ដែលមិនមានសេវា...! រហូតមកពេលនេះអ្វីដែលយើងសិក្សា គឺយើងនឹងដាក់បង្គោលអង់ទែនចំនួន១០០ នៅក្នុងតំបន់ការពារធម្មជាតិដែលមានសក្តានុពលផ្នែកទេសចរណ៍»

លោក នេត្រ ភក្ត្រា បានអះអាងថា ការដាក់បង្គោលអង់ទែនសេវាទូរស័ព្ទនៅតាមតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជា គឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍អាចផ្សព្វផ្សាយដោយផ្ទាល់ពីទេសភាពព្រៃប្រឹក្សា សត្វព្រៃ ដែលពួកគាត់បានជួបប្រទះ ជាពិសេសអាចឱ្យភ្ញៀវទេសចរចែករំលែកនូវដំណើរកម្សាន្តរបស់គាត់ដោយផ្ទាល់ពីតំបន់ការពារធនធានធម្មជាតិ ឱ្យបងប្អូន មិត្តភក្តិ និងបរទេសនានា បានដឹងពីសក្តានុពលនៅតាមតំបន់ដែលពួកគាត់បានទៅទស្សនា។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា សម្រាប់នៅតំបន់ខ្នងផ្សារ គឺបានបោះបង្គោលអង់ទែនសេវាទូរស័ព្ទ ហើយទីទាំងនេះគឺមានសេវាដើរលឿនផងដែរ។ បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល សុខសុវត្ថិភាពទៅកាន់អ្នកទេសចរនានា ដែលមកកម្សាន្តនៅតាមតំបន់ការពារធនធានធម្មជាតិកម្ពុជា ឱ្យមានភាពកក់ក្តៅក្នុងដំណើរកម្សាន្តរបស់ពួកគាត់៕