(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យចូលរួមលុបបាត់ការបរបាញ់សត្វព្រៃ ការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ និងគាំទ្រការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះបុគ្គលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។

ការអំពាវនាវបែបនេះរបស់លោក វ៉ី សំណាង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលលោករួមជាមួយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ព្រមទាំងអង្គការដៃគូ បានបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តកំពង់ស្ពឺ។ យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ស្ពឺ មានការចូលរួមពីអ្នកពាក់ព័ន្ធមកពីស្ថាបន័រដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនកុះករជាង៥០០នាក់ និងមានការប្តេជ្ញាចិត្តបញ្ឈប់ការបរបាញ់ និងការជួញដូរសត្វព្រៃក្នុងនោះក៏មានការប្តេជ្ញាចិត្តពីបណ្តាភោជនីយដ្ឋានគំរូមួយចំនួនដោយមិនមានការផ្គត់ផ្គង់ ឬធ្វើម្ហូបពីសាច់សត្វព្រៃឱ្យអតិថិជនរបស់ខ្លួន។

លោកអភិបាលខេត្តក៏បានកោតសសើរយ៉ាងខ្លាំងសំណាក់មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តច្បាប់ ដើម្បីបង្ក្រាប ទប់ស្កាត់សកម្មភាពនានារបស់ក្រុមជនល្មើសដែលតែងតែលួចប្រព្រឹត្តបទល្មើសធនធានធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា «ជនដែលប្រព្រឹត្តបទល្មើសចាប់បានកំលែង រឹតបន្តឹង ច្បាប់ពីព្រៃឈើ ច្បាប់ការពារធនធានធម្មជាតិមានហើយ គឺអនុវត្តន៍ឱ្យបានតឹងរឹងបំផុត ដោយមិនលើកលែង ព្រោះអន្ទាក់នេះមិនមែនសម្លាប់តែសត្វទេ គឺសម្លាប់ទាំងមនុស្ស ប៉ះពាល់ដល់ការរកស៉ីទទួលទានរបស់ប្រជាពលរដ្ឋប្រកបរបរត្រឹម»

ជាមួយគ្នានេះដែរ លោក វ៉ី សំណាង បានលើកឡើងថា បើសិនខ្វះការចូលរួមពីសំណាក់ប្រជាពលរដ្ឋសត្វព្រៃ និងព្រៃឈើច្បាស់ជាវិនាសហិនហោច ដូច្នេះ មេត្តាចូលរួមការពារ និងអភិរក្សធនធានធម្មជាតិទាំងអស់គ្នា។ «ព្រោះយើងបានមើលកាន់តែច្បាស់ហើយពីការបំផ្លាញធនធានធម្មជាតិ ដែលពិភពលោកទទួលបានមកវិញនូវទណ្ឌកម្មរបស់ធម្មជាតិ»

បើតាមលោក នេត្រ ភក្រ្តា បានថ្លែងថា «ខេត្តកំពង់ស្ពឺគឺជាតំបន់ហានិភ័យមួយទាក់ទងនឹងសាច់សត្វព្រៃ ដែលក្នុងនោះយើងឃើញមានការលក់សាច់សត្វព្រៃនៅតាមភោជនីយដ្ឋានលើដងផ្លូវ និងបញ្ជរអាហារនានានៅកតាមតំបន់ទេសចរណ៍។ ទោះបី មុខម្ហូបពីសាច់សត្វព្រៃមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយមុខម្ហូបក៏ពិតមែន ប៉ុន្តែយើងនៅតែឃើញមានការណែនាំអំពីម្ហូបពីសាច់សត្វព្រៃដូចជាជ្រូកព្រៃ ឬឈ្លូសជាដើមទៅកាន់អតិថិជនជារឿយៗដោយផ្ទាល់មាត់ដដែល»

លោក នេត្រ ភក្ត្រា បានបន្តថា តាមរយៈការធ្វើយុទ្ធនាការនៅក្នុងខេត្តកំពង់ស្ពឺនេះ សង្ឃឹមថាសារនានាអំពីហានិភ័យនៃទង្វើបែបនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ហើយឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថពីអ្នកនិយមបរិភោគសាច់សត្វព្រៃ និងម្ចាស់ភោជនីយដ្ឋានមួយចំនួនដែលគិតពីផលប្រយោជន៍រយៈពេលខ្លី។ យើងកំពុងឈានទៅទទួលបាន «អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដូចនេះយើងសូមអំពាវវនាវឱ្យសាធារណៈជនទាំងអស់ ចូលរួមបញ្ជប់ការបរិភោគសាច់សត្វព្រៃ ហើយចូលរួមការពារអភិរក្សធនធានធម្មជាតិកម្ពុជាទាំងអស់គ្នា។

លោក John Willis នាយកប្រចាំប្រទេសនៃសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា «អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីសម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដទៃទៀតនៅក្នុងសហគមន៍ គឺទទួលរងនូវការបាត់បង់។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូល ដែលទទួលបានតាមរយៈការលក់ឥណទានកាបូន ដែលជាការរួមចំណែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិ ដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ»