(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ យុទ្ធនាការ «អន្ទាក់សូន្យ» ក្នុងតំបន់ការពារធម្មជាតិ ដំណាក់កាលទី២ បានរៀបចំធ្វើឡើងនៅខេត្តកំពង់ស្ពឺ ដែលជាខេត្តទី២ បន្ទាប់ពីខេត្តពោធិ៍សាត់ ដោយមានការផ្តួចផ្តើមពីក្រសួងបរិស្ថាន និងការចូលរួមសហការពីអង្គការដៃគូក្នុងវិស័យអភិរក្សក្នុងប្រទេសកម្ពុជា។

ខេត្តកំពង់ស្ពឺជាខេត្តមួយមានសក្តានុពលក្នុងវិស័យអេកូទេសចរណ៍ដែលប្រជាជនមូលដ្ឋានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយចំនួនបានអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ ដោយមិនពឹងអាស្រ័យទៅលើការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រឈមនឹងការផ្តន្ទាទោស និងជាមហន្តរាយដល់ការបាត់បង់ធនធានធម្មជាតិ។

យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ស្ពឺ មានការចូលរួមពីអ្នកពាក់ពន្ឋ័មកពីស្ថាបន័រដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនកុះករសរុបជាង៥០០នាក់ និងមានការប្តេជ្ញាចិត្តបញ្ឈប់ការបរបាញ់ និងការជួញដូរសត្វព្រៃក្នុងនោះក៏មានការប្តេជ្ញាចិត្តពីបណ្តាភោជនីយដ្ឋានគំរូមួយចំនួនដោយមិនមានការផ្គត់ផ្គង់ ឬធ្វើម្ហូបពីសាច់សត្វព្រៃឱ្យអតិថិជនរបស់ខ្លួន។

ខេត្តកំពុងស្ពឺមានភោជនីដ្ឋានចំនួន៧ បានធ្វើការប្តេជ្ញាចិត្តចំពោះមុខសារធារណៈជនហើយរហូតមកដល់ពេលនេះចំនួនភោជនីយ៍ដ្ឋានសរុបនៅក្នុងខេត្តគោលដៅនៃយុទ្ឋនាអន្ទាក់សូន្យដែលបានអនុវត្តន៍កន្លងមកមានចំនួន៧៨ហើយ ដែលបានសន្យាមិនធ្វើអាហារពីសាច់សត្វព្រៃក្នុងភោជនីយ៍ដ្ឋានរបស់ខ្លួន។ មិនតែប៉ុណ្ណោះម្ចាស់ភោជនីយដ្ឋានទាំងអស់នេះក៏បានជួយចូលរួមផ្សព្វផ្សាយបន្ថែមដល់អតិថជនរបស់ខ្លួនអំពីផលប៉ះពាល់អវិជ្ជមានលើការបរិភោគសាច់សត្វព្រៃ ការបាត់បង់ធនធានធម្មជាតិ និងហានិភ័យលើសុខភាពសាធារណៈផងដែរ។

លោក នេត្រ ភក្រ្តា រដ្ឋលេខេធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា៖ «ខេត្តកំពង់ស្ពឺ គឺជាតំបន់ហានិភ័យមួយទាក់ទងនឹងសាច់សត្វព្រៃ ដែលក្នុងនោះយើងឃើញមានការលក់សាច់សត្វព្រៃនៅតាមភោជនីយដ្ឋានលើដងផ្លូវ និងបញ្ជរអាហារនានានៅកតាមតំបន់ទេសចរណ៍»

លោកបានបន្តថា ទោះបីមុខម្ហូបពីសាច់សត្វព្រៃមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយមុខម្ហូបក៏ពិតមែន ប៉ុន្តែយើងនៅតែឃើញមានការណែនាំអំពីម្ហូបពីសាច់សត្វព្រៃដូចជាជ្រូកព្រៃ ឬឈ្លូសជាដើម ទៅកាន់អតិថិជនជារឿយៗដោយផ្ទាល់មាត់ដដែល។ តាមរយៈការធ្វើយុទ្ធនាការនៅក្នុងខេត្តកំពង់ស្ពឺនេះ យើងសង្ឃឹមថាសារនានាអំពីហានិភ័យនៃទង្វើបែបនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ហើយឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថពីអ្នកនិយមបរិភោគសាច់សត្វព្រៃ និងម្ចាស់ភោជនីយដ្ឋានមួយចំនួនដែលគិតពីផលប្រយោជន៍រយៈពេលខ្លី។ យើងកំពុងឈានទៅទទួលបាន «អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដូចនេះយើងសូមអំពាវវនាវឲ្យសាធារណៈជនទាំងអស់ ចូលរួមបញ្ជប់ការបរិភោគសាច់សត្វព្រៃ ហើយចូលរួមការពារអភិរក្សធនធានធម្មជាតិកម្ពុជាទាំងអស់គ្នា»។

យោងទៅតាមរបាយការណ៍ ពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ មន្ត្រីបរិស្ថាន និងឧទ្យានុរក្សបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ តាមរយៈការល្បាតព្រៃ និងប្រមូលអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងតំបន់របៀងអភិរក្សជីវៈចម្រុះបានចំនួន៣៧៩អន្ទាក់ ដោយឡែកក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែមេសានេះ អន្ទាក់ដែលប្រមូលបានមានចំនួន ៣៨២អន្ទាក់។

លោក អ៊ុំ សូនី នាយកអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំប្រទេសកម្ពុជា បានបន្តថា៖ «ការប្រើប្រាស់អន្ទាក់ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលក្នុងមួយឆ្នាំៗ អន្ទាក់ទាំងអស់នោះបានសម្លាប់សត្វព្រៃជាច្រើនយ៉ាងស្ងៀមស្ងាត់។ យើងមិនអាចបណ្តោយឱ្យរឿងនេះបន្ត កើតមានឡើងទៀតទេ។ អង្គការអភិរក្សអន្តរជាតិ បានកំពុងកសាង គម្រោងរេបូកជួរភ្នំក្រវាញកណ្តាល ដែលធ្វើការជាមួយនឹងសហគមន៍មូលដ្ឋាន និងក្រុមការងារអនុវត្តន៍ច្បាប់ដើម្បីទប់ស្កាត់ការដាក់អន្ទាក់ចាប់សត្វព្រៃ។

ក្នុងនាមយើងជាបុគ្គលម្នាក់ៗ យើងអាចធ្វើការផ្លាស់ប្តូរបានដោយបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដាក់ អន្ទាក់លើសត្វព្រៃ ប្រឆាំងការបរិភោគសត្វព្រៃ គាំទ្រកិច្ចខំប្រឹងប្រែងលើការងារអភិរក្ស និងការស្វែងរកមតិគាំទ្រ ដើម្បីឱ្យមានការអនុវត្តច្បាប់តឹងរឹងជាងមុនប្រឆាំងនឹងការប្រព្រឹត្តិអំពើជួញដូរខុសច្បាប់ លើសត្វព្រៃទាំងនេះ។ នេះគឺជាពេលដែលយើងត្រូវតែចាត់វិធានការ និងការពារសត្វព្រៃដ៏មានតម្លៃរបស់យើង មុនពេលយឺតពេលទៅហើយនោះ»។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានគូសបញ្ជាក់ថា៖ «ការចូលរួមប្តេជ្ញាចិត្តរបស់ ម្ចាស់ភោជនីយដ្ឋាននៅតាមបណ្តាខេត្តដែលជាគោលដៅនៃយុទ្ឋនាការអន្ទាក់សូន្យកន្លងមកបានបង្ហាញពីការយល់ដឹងពីតម្លៃ និងពីតួនាទីរបស់សត្វព្រៃក្នុងដែនធម្មជាតិ»

លោកបានបន្តថា៖ «រហូតមកដល់ពេលនេះ ម្ចាស់ភោជនីយដ្ឋានសរុបចំនួន៧១ ក្នុងបណ្តាខេត្ត៧ បានសន្យាជាសាធារណៈលើការមិនផ្គត់ផ្គង់សាច់សត្វព្រៃដល់អតិថជនរបស់ខ្លួន និងជាការលើទឹកចិត្តក្រសួងបរិស្ថានបានប្រគល់បណ្ណមេត្រីភាពបរិស្ថានជូនដល់ពួកគាត់។ កាយវិការដ៏ប្រពៃនេះគួបផ្សំ និងការអនុវត្តច្បាប់ឱ្យតឹងរឹងដើម្បីទប់ស្កាត់ ការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ គឺយើងអាចឈានទៅរកចំនួនអន្ទាក់សូន្យក្នុងព្រៃធម្មជាតិ និងក៏អាចឈានដល់ការផ្លាស់ប្តូរឥរិយាបទរបស់អ្នកចូលចិត្តបរិភោគសាច់សត្វព្រៃផងដែរ»។

លោក John Willis នាយកប្រចាំប្រទេសនៃសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីសម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដ៏ទៃទៀតនៅក្នុងសហគមន៍គឺទទួលរងនូវការបាត់បង់។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូលដែលទទួលបានតាមរយៈការលក់ឥណទានកាបូនដែលជាការរួមចំណែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ»

វីតាល់ ក្នុងនាមជាវិស័យឯកជន បានលើកឡើងថា៖ «សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះ យុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិដំណាក់កាលទី២ តាមរយៈមូលនិធិ២៥៛ ដែលជាការបរិច្ចាគពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដោយក្រុមហ៊ុនបានកាត់ចេះប្រាក់ចំណេញចំនួន ២៥រៀល ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពបរិស្ថាន សប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យវីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងសកម្មភាពទាក់ទងជាមួយបរិស្ថាន»