(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីអំពាវនាវឲ្យបញ្ឈប់ នូវរាល់សកម្មភាព ឬការផលិតវីដេអូកំប្លែងពាក់ព័ន្ធនឹងប្រធានបទ មន្រ្តីឥណទាន (CO) ដែលការចែកចាយផ្សព្វផ្សាយបែបនេះ បានធ្វើឲ្យពាល់កិត្តិយសទាំងបុគ្គលិកធនាគារ និងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

បន្ថែមពីនេះការបំផុសនូវមាតិកា ខ្វះការយល់ដឹងពីវិស័យហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋ ងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ និងគ្មានយន្តការការពារអតិថិជន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា កន្លងមកបានសង្កេតឃើញការផ្សព្វផ្សាយ ដោយយកប្រធានបទ CO និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត តាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម។ ការសម្តែងទាំងនេះត្រូវបានយកទៅកាត់តខ្លីៗ និងចែករំលែកបន្តគ្នាដែលនាំឲ្យយល់ច្រលំថាជារឿងពិត ហើយចំពោះការសម្តែងមួយចំនួន ប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិក ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា «សូមសម្តែងការសោកស្តាយ និងមានការព្រួយបារម្ភ ចំពោះការផ្សព្វផ្សាយប្រាសចាក ពីការពិតទាំងនោះ ដូច្នេះសូមម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាងការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិតដែលអាចបង្កជារូបភាពអវិជ្ជមាន ដល់វិស័យហិរញ្ញវត្ថុ ហើយសមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្តាញសង្គម នឹងចូលរួមជាមួយសមាគម ក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ»។

សូមជម្រាបថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាចខ្វះបាន សម្រាប់ប្រជាជនកម្ពុជា ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋ ងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន៕