(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចឆ្លាក់ព្រឹតិ្តការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ទុកជាតឹកតាងប្រវត្តិសាស្រ្តជូនក្មេងជំនាន់ក្រោយ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដើម្បីអបអរសាទរ គុណតម្លៃ និងជោគជ័យដ៏អស្ចារ្យព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ ដោយទទួលបានអនុសាសន៍ និងការចង្អុលណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានធ្វើការសិក្សារៀបចំគម្រោងដើម្បីឆ្លាក់ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២នេះ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង អំណះអំណាង ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ រុងរឿងល្បីល្បាយរបស់កម្ពុជា តកូន តចៅ គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសលើឆាកអន្តរជាតិទៀតផង ក្រោមសម័យកាលដឹកនាំរបស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា សម្រាប់គម្រោង នៃការគិតពិចារណាសម្រាប់ការរៀបចំនេះ យើងមានចម្លាក់ស្តីពី អត្ថន័យ និងអត្តសញ្ញាណនៃកីឡាស៉ីហ្គេម រូបភាព និងខ្លឹមសារ ពាក្យស្លោកសំខាន់ៗ ដែលមានការឯកភាពពីគណៈកម្មាធិការ CAMSOC-CAMAPGOC នឹងយកពិចារណា ដើម្បីច្នៃឱ្យទៅជាចម្លាក់លើផ្ទាំងសិលា ដោយរំលេចនូវពាក្យស្លោកដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» «សន្តិភាព ដើម្បីយើងទាំងអស់គ្នា» «ទាំងអស់គ្នា ដើម្បីសន្តិភាព»

បន្ថែមពីនេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ក្រុមការងារនឹងពិនិត្យរៀបចំនូវចម្លាក់អត្តសញ្ញាណអត្តពលិកនានាដែលឆ្នើម ហើយមានស្នាដៃ ទទួលបាននូវការវាយតម្លៃខ្ពស់របស់គណៈកម្មការកីឡាទាំងបុរស និងនារី លើវិស័យនានា ដោយរៀបចំឱ្យទៅជាតឹងតាងនៅលើផ្ទាំងសិលាផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ចម្លាក់ទាំងនេះនឹងត្រូវរៀបចំឱ្យបានឆាប់រហ័ស និងត្រូវដាក់ឱ្យសម្ពោធនៅចុងឆ្នាំ២០២៣នេះ នៅវិមានឈ្នះឈ្នះ ក្នុងឱកាសខួបទិវានយោបាយឈ្នះឈ្នះ លើកទី២៥ (២៩ ធ្នូ ១៩៩៨ - ២៨ ធ្នូ ២០២៣) នេះជាសមិទ្ធផលសន្តិភាពដែលបានដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន»

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទជាផ្លូវការកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយប្រកាសបើកកាលពីថ្ងៃទី៥ ខែឧសភា។

ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណ១៦ថ្ងៃ ជាលទ្ធផលកីឡាករកីឡាការិនីកម្ពុជា បានរកមេដាយជូនជាតិដោយឈរនៅលេខរៀងទី៤ ជាមួយមេដាយសរុបចំនួន ២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧)។

បើទោះបីការប្រកួតកីឡាស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា តែក្រោមស្មារតីតែមួយ គឺ «ដើម្បីជាតិ» បានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាពជាទីបំផុតសម្រាប់កម្ពុជា។ មិនត្រឹមតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតដោយជោគជ័យនោះទេ តែកម្ពុជាក៏បានបំបែកកំណត់ត្រាក្នុងការរកមេដាយបានច្រើនបំផុតក្នុងប្រវត្តិកីឡាស៊ីហ្គេមនេះផងដែរ៕