(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ថវិកាលើកទឹកចិត្ត ដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាកិច្ចចាប់ផ្ដើមជំនួបនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនីបាល់ទះទាំងអស់ ដែលបង្ហាញពីមោទនភាពជាតិខ្មែរ បន្ទាប់រង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ពាក់ព័ន្ធក្រុមកីឡាបាល់ទះវិញ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលសម្រេចបានក្នុងការប្រកួតដ៏សំខាន់នេះ និយាយជារួម និងនិយាយដោយឡែក ពាក់ព័ន្ធក្រុមបាល់ទះនារីទាំងក្នុងសាល និងលើឆ្នេរខ្សាច់ គឺធ្វើបានល្អ បើទោះបីមិនទទួលបានមេដាយក៏ពិតមែន តែនេះជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។

ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យក្រុមកីឡាការិនីបាល់ទះទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យនៅថ្ងៃខាងមុខ។ នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់គ្រូបង្វឹកផងដែរ ត្រូវបន្ដខិតខំប្រឹងប្រែងការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពក្រុមកីឡាករ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបង្ហើបពីគម្រោងក្នុងការបង្កើតលីកបាល់ទះនៅពេលអនាគតផងដែរ សំដៅចម្រាញ់យកកីឡាករដែលមានសមត្ថភាពខ្ពស់ សម្រាប់ចូលប្រកួតជម្រើសជាតិ ប៉ុន្ដែករណីនេះលោកបានសង្កត់ធ្ងន់ថា នឹងត្រូវប្រើប្រាស់ពេលវេលាយូរដើម្បីសម្រេចបានជោគជ័យ។ ទោះជាយ៉ាងណា លោកបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ដែលបានចំណាយពេលផ្ទាល់ខ្លួន និងខិតខំអស់ពីកម្លាំងកាយចិត្ដក្នុងការចូលរួមប្រកួតរយៈពេលកន្លងមក។ ដើម្បីជាការលើកទឹកចិត្តនាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភថវិកាម្នាក់១,០០០ដុល្លារ ដល់គ្រូបង្វឹក និងកីឡាការិនីបាល់ទះម្នាក់១,០០០ដុល្លារផងដែរ។

ដោយឡែក ពាក់ព័ន្ធជាមួយក្រុមកីឡាករបាល់ទះបុរសក្នុងសាល ដែលទទួលបានមេដាយប្រាក់វិញ នាយឧត្តមសេនីយ៍ នេត សាវឿន នឹងធ្វើការជួបសំណេះសំណាល លើកទឹកចិត្តនៅពេលក្រោយផងដែរ៕