(បាត់ដំបង)៖ បុរសម្នាក់បានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ដោយអះអាងថា ខ្លួនបានបាត់កូនម្នាក់នៅសួនសម្ដេច ស ខេង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបើកការស្រាវជ្រាវ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានចាត់កម្លាំងចុះស្រាវជ្រាវលើទិដ្ឋភាពជាក់ស្ដែង នៅជុំវិញការលើកឡើងរបស់ម្ចាស់គណនី Facebook ឈ្មោះ Ly Paoher ដើម្បីចាត់វិធានការ។

រហូតមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈលោកវរសេនីយ៍ឯក ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង ម្ចាស់គណនីខាងលេីបានផ្តល់ព័ត៌មានត្រឡប់មកសមត្ថកិច្ច និងសរសេរបង្ហោះថា​ កូនគាត់ត្រូវបានម្តាយបង្កេីតជាអ្នកយកទៅ​ ខណៈដែលគាត់​ និងភរិយាជាម្តាយរបស់ក្មេងនេះ មានទំនាស់ជាមួយគ្នានាពេលកន្លងមក (មិនមែនជាករណីផ្សេងលេីសពីនេះទេ)។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ហើយបញ្ឈប់ការចែកចាយករណីមួយនេះ ក្នុងន័យផ្សេងដូចអ្វីដែលបានស្រាវជ្រាវរកឃើញ៕