(ប៉ៃលិន)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៤៧៧គ្រួសារ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ដោយលោក អ៉ី ឈាន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន។ ក្នុងនោះ មានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ។

ថ្លែងក្នុងឱកាសនោះ លោក អ៉ី ឈាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានសំដែងនូវការនឹករលឹកជាពន់ពេកចំពោះពុកម៉ែបងប្អូននាពេលនេះ និងគូសបញ្ជាក់ថា អំណោយនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោក អ៉ី ឈាន ក៏បានក្រើនរំលឹកដល់លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ហើយក៏មានភ្លៀងធ្លាក់ដោយអន្លើហេតុនេះ សូមមេត្តាមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់នូវគ្រោះមហន្តរាយផ្សេងដូចជា អគ្គីភ័យ និងខ្យល់កន្ត្រាក់។ ជាងនេះទៀត សុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗ ដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។

លោកប្រធានកិត្តិយសបានលើកឡើងថា សូមប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព សូមអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា។ លោកបញ្ជាក់បន្តថា មានសន្តិភាព ទើបយើងមានអ្វីៗ គ្រប់យ៉ាងដូចថ្ងៃនេះ យើងគ្រប់គ្នារស់នៅក្រោមម្លប់សន្តិភាព ហេតុនេះ សូមរួបរួមគ្នារក្សាសន្តិភាព ឲ្យបានគង់វង្ស។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួ មី១កេស ត្រីខ១យួរ និងថវិកាមួយចំនួន៕