(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានលាតត្រដាងអ្វីដែលជាគម្រោងរបស់លោក ជា ប៉ូច និងលិខិតរបស់លោក ជា ប៉ូច ផ្ញើដើម្បីសុំទោសសម្ដេចតេជោ តែត្រូវបានសម្ដេចបដិសេធមិនទទួលយកឡើយ។

តាមរយៈ Telegram សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងទៀតថា ក្រុមរបស់លោក ជា ប៉ូច បម្រុងធ្វើលិខិតបដិសេធចំពោះការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Fresh News ពាក់ព័ន្ធអ្វីដែលខ្លួនបានលើកឡើងរឿងទម្លាក់សម្ដេចតេជោ។

ខាងក្រោមនេះ ជាសាររបស់សម្ដេចតេជោ ហ៊ុន សែន៖

«រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរលិខិតមកសុំទោស ខ្ញុំកាលពីថ្ងៃ១៥ ឧសភា ២០២៣។ ទាំងសារសម្លេង ជា ប៉ូច ទាំងលិខិតជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែន ឲ្យបាន។

ប្រាប់ទៅ ជា ប៉ូច ថាពាក្យទម្លាក់មានវិធីច្រើនយ៉ាង តាមរបៀបបោះឆ្នោតដូចការពន្យល់របស់ ប៉ូច ក្នុងលិខិតថ្ងៃ១៥ ឧសភា ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តពណ៍ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេស ដែលមានឈ្មោះខុសគ្នា តែមានគោលដៅទម្លាក់ ឬផ្តួលរលំដូចគ្នា រហូតដល់ការធ្វើឃាដ ឬគ្រប់សកម្មភាពឲ្យតែកំចាត់មនុស្សដែលខ្លួនត្រូវកំចាត់ឲ្យខាងតែបាន។

ប៉ូច អាចប្រើពាក្យផ្សេងទៀត ក្រៅពីពាក្យទម្លាក់ តែប៉ូច និងបក្សរបស់ខ្លួនវា មានចរិតបែបនេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌សងសឹកមិនចេះចប់ទាំងមេ ទាំងកូន។

ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និងក្រុមគ្រួសារ ឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់។
នៅមានរឿងដែលអាក្រក់មួយទៀត ដែលមនុស្សក្នុងបក្សរៀបចំឡើង ជាលិខិតបដិសេដ្ឋលើការផ្សាយរបស់ហ្វ្រេសញូ Fresh news ដែលដាក់ថ្ងៃ១៤ ឧសភា ២០២៣ ដើម្បីឲ្យ ជា ប៉ូចចុះហត្ថលេខា។

យោងតាមពង្រាងលិខិតនេះ គេមានគោលបំណងវាយប្រហារលើអង្គភាព Fresh News និងរក្សាកិត្តិយសគេទាំងបំពាន ដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។

តាមព័ត៌មានដែលយើងទទួលបានលិខិតនេះ ត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើការពន្យល់។ ខ្ញុំសុំមេធាវីរបស់ខ្ញុំ ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំងពីរករណី ទាំងករណី ជា ប៉ូច ទាំងករណីលិខិតបដិសេដ្ឋ តែត្រូវរង់ចាំរហូតថ្ងៃ៣០ ឧសភា ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេដ្ឋ។ សូមភ្ជាប់ជូនសំដីជា ប៉ូច លិខិត ជា ប៉ូច និងលិខិតបដិសេដ្ឋ»៕