(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូន លោក ឡឹក ឌីសូឡី ចំពោះមរណភាពរបស់ លោក ឡឹក សានឌី អតីតប្រធានមជ្ឈមណ្ឌលកំចាត់ជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ លោករដ្ឋមន្ដ្រីបានបញ្ជាក់យ៉ាងដូច្នេះ៖

«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលមានសេចក្តីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងថា លោកសាស្តចារ្យ ឡឹក សានឌី អតីតប្រធានមជ្ឈមណ្ឌលកំចាត់ជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨៖៣០នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ លោកសាស្ត្រាចារ្យ ឡឹក សានឌី គឺជាការបាត់បង់បញ្ញវន្តក្នុងវិស័យសុខាភិបាលមួយរូប និងជាស្វាមី បិតា និងជីតា ដ៏ឧត្តុង្គឧត្តម ដែលប្រកបដោយព្រហ្មវិហារធម៌។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមនូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយលោកសាស្ត្រាចារ្យ ឡឹក ឌីសូឡី និងភរិយា បុត្រា បុត្រី និងក្រុមគ្រួសារទាំងមូលនៃសព។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ លោកសាស្តចារ្យ ឡឹក សានឌី បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

គួរជម្រាបថា ពិធីបុណ្យគំរបខួប៧ថ្ងៃ របស់លោក ឡឹក សានឌី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕