(កំពង់ស្ពឺ)៖ អតីតសកម្មជនគណបក្សភ្លើងទៀន នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបង្ហាញនូវការស្ញប់ស្ញែងចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ដែលធ្វើឲ្យបរទេសកាន់តែស្គាល់ច្បាស់ពីកម្ពុជា ពិសេសតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

យុវតី អ៉ឹម ជូអេង រស់នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ក្នុងពិធីជួបសំណេះសំណាលនៅពេលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក៏បានសម្ដែងនូវការសោកស្ដាយដែលកន្លងមកខ្លួនធ្លាប់យល់ខុស និងជឿតាមអ្វីដែលគណបក្សប្រឆាំងញុះញង់។

ប៉ុន្ដែធាតុពិតតាមអ្វីដែលខ្លួនចំណាយពីប្រមាណ២ ទៅ៣ឆ្នាំ ដើម្បីសង្កេតមើលពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទើបដឹងច្បាស់ថា អ្វីដែលគណបក្សប្រឆាំងលើកឡើងនោះ មិនមែនជាការពិតឡើយ។ យុវតីរូបនេះ បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមកន្លងទៅ មានជនបរទេសម្នាក់មកជជែកជាមួយខ្លួន ហើយលើកឡើងថា «អ្នកសំណាងណាស់ដែលបានកើតមកជាខ្មែរ មានមេដឹកនាំល្អ»

យុវតី អ៉ឹម ជូអេង បានបន្ថែមទៀតថា ដោយសារមើលឃើញពីគុណតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចម្រើន និងល្បីរន្ទឺលើឆាកអន្ដរជាតិនេះហើយ ទើបខ្លួនផ្លាស់ប្ដូរផ្នត់គំនិតងាកមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕