(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្ដអំពាវនាវឲ្យរួមគ្នាធ្វើយ៉ាងណា កុំឲ្យរោងចក្រមានជម្លោះ មានបងតូចបងធំ និងគ្រឿងញៀន ដោយត្រូវរួមគ្នា ឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ដ។

ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពូ នៅតែនិយាយគ្រប់ទីកន្លែង អ្វីដែលជាសំណូមពរ ហើយវាមិនមែនជាសំណូមពរហួសហេតុ គឺចង់រោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្ដមួយ [...] ធ្វើយ៉ាងម្ដេចកុំឲ្យរោងចក្រ មានការប្រើប្រាស់គ្រឿងញៀន, ចែកចាយគ្រឿងញៀន, បងតូចបងធំ និងកុំឲ្យមានជម្លោះ»

បន្ថែមពីនោះទៀត សម្ដេតេជោ ហ៊ុន សែន បានប្រាប់ថា បើសិនជាមានជម្លោះណាមួយកើតឡើង នៅក្នុងរោងចក្រ គឺត្រូវតែរកវិធីដោះស្រាយភ្លាមៗ ដើម្បីធ្វើយ៉ាងម្ដេចកុំឲ្យជម្លោះនេះ ក្លាយទៅជាការខូតខាត នូវផលប្រយោជន៍រួម។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវយកចិត្ដទុកដាក់ ចំពោះសុខទុក្ខកម្មករ និងចំពោះកម្មករ ត្រូវយកចិត្ដទុកដាក់លើការងារ ដើម្បីទទួលបានផ្ដល់ប្រយោជន៍ទាំងអស់គ្នា។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កម្មករ-កម្មការិនី ត្រូវចាំថា បើសិនជាអត់មានរោងចក្រ ក្មួយៗកម្មករ-កម្មការិនី គ្មានឈ្មោះជាកម្មករទេ គឺក្មួយៗមានឈ្មោះជាកសិករ។

ដោយឡែក ចំពោះម្ចាស់់រោងចក្រវិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ម្ចាស់រោងចក្រ ត្រូវមានការយល់ថា បើសិនជាមានតែរោងចក្រ អត់មានកម្មករ យើងមិនមែនជាថៅកែរោងចក្រទេ តែយើងគ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៅកែរោងចក្រ និងកម្មករ និយោជិត គឺត្រូវពឹងផ្អែកគ្នាទៅវិញទៅមក មិនអាចខ្វះគ្នាបាននោះឡើយ។ សម្ដេចបានបន្ដថា អ្វីដែលក្មួយៗ កម្មករ ត្រូវយកចិត្ដទុកដាក់បំផុត បើសិនជារោងចក្រ ត្រូវបិទ អ្នកដែលខូចខាតមុនគេ គឺកម្មករ ដែលបាត់បងនូវប្រាក់ខែរបស់ខ្លួន ទាបបំផុត២០០ដុល្លារ ក្នុងមួយខែ។