(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដាក់ចេញបទបញ្ជាជាចំហរ យ៉ាងម៉ឺងម៉ាត់ទៅកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី១ រួមទាំងកម្លាំងប្រដាប់ដាប់អាវុធខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវរួមសហការគ្នាជាមួយសមត្ថកិច្ចវៀតណាម ទប់ស្កាត់ក្រុមឧទ្ទាមវាយប្រហារនៅវៀតណាម ដែលអាចរត់ចូលមកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថា មេជនឧទ្ទាមវាយប្រហារនៅវៀតណាម អាចកំពុងលាក់ខ្លួន ក្នុងប្រទេសកម្ពុជា ព្រោះមេរបស់ក្រុមឧទ្ទាមនេះមិនអាចមកពីចិន ឬនៅក្នុងទឹកដីវៀតណាម ឬថៃនោះដែរ។ ក្រុមនេះមានអង្គការចាត់តាំងមួយ ច្បាស់លាស់ ហើយអាចប្រើប្រាស់ទឹកដីកម្ពុជា សម្រាប់ធ្វើសកម្មភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យសមត្ថកិច្ចកាន់ផ្នែកសន្តិសុខជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យឲ្យបានច្បាស់ មិនត្រឹមតែខេត្តរតនគិរី និងមណ្ឌលគិរីទេ ខេត្តផ្សេងទៀតដូចជាក្រចេះ ត្បូងឃ្មុំ ព្រវែង និងកំពង់ចាម ត្រូវតែមានវិធានការគ្រប់គ្រងអ្នកធ្វើដំណើរ ដោយសារពួកក្រុមឧទ្ទាមមានខ្សែរយៈរបស់គេ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីកង្វល់ថា ក្រុមឧទ្ទាមដែលវាយនៅវៀតណាម អាចនឹងជ្រកកោនក្រោមស្លាក HCR (អង្គការសិទ្ធិមនុស្ស) នៅទីក្រុងភ្នំពេញ។ សម្តេចប្រកាសបានប្រកាសព្រមានទុកជាមុន ចំពោះអង្គការអន្តរជាតិ ឬអន្តរជាតិ រួមទាំងជនជាតិខ្មែរ ដែលឃុបឃិតនាំក្រុមឧទ្ទាមចូលមកក្រុងភ្នំពេញ ហើយកម្ពុជាមិនអនុញ្ញាតជាដាច់ខាត ចំពោះការជ្រកកោនរបស់ក្រុមឧទ្ទាមបាក់ទ័ព ដែលរត់ពីវៀតណាមចូលកម្ពុជា។ នៅពេលកម្ពុជាចាប់បានត្រូវបញ្ជូនទៅកាន់វៀតណាមវិញភ្លាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេថា «សូមបញ្ជាក់ឲ្យខេត្តរតនគិរី មណ្ឌលគិរី ត្រួតពិនិត្យតាមភូមិ ឲ្យបានជាក់លាក់ ប្រយ័ត្នពួកឧទ្ទាមបាក់ទ័ពមកដេកស៉ីបាយតាមភូមិ នៅទីនោះ ត្រូវធ្វើរឿងនេះឲ្យច្បាស់។ ខ្ញុំជឿថាបណ្តាញរបស់វាគឺ ចេញពីកម្ពុជា ដែលផ្គត់ផ្គង់សេវាកម្ម ចូលទៅក្នុងប្រទេសវៀតណាម ព្រោះរឿងនេះវាធ្លាប់កើនមានពីមុនមកហើយ [...] រឿងនេះជាស្ថានភាពធ្ងន់ធ្ងរ ដែលខ្ញុំត្រូវតែបញ្ជាដាច់ខាត គឺអត់មានការលើកលែងទេ ហើយសូមអង្គការអន្តរជាតិទាំងអស់ រាប់ទាំងភ្នាក់ងារអង្គការសហប្រជាជាតិ នេះមិនមានជាការស្វែងរកសិទ្ធិជ្រកកោនខាងនយោបាយ ឬស្វែងរកជីវភាពសេដ្ឋកិច្ចខ្ពស់ជាងទេ ប៉ុន្តែនេះជាអំពើភេរវកម្ម ឬបង្កអសន្តិសុខ មហន្តរាយដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់ជនជាតិវៀតណាម»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា វិធានការប្រឆាំងឧទ្ទាមនៅវៀតណាម មិនមែនជាការផ្គាប់ចិត្តវៀតណាមនោះឡើយ។ ទោះបីក្រុមភេរវកម្មមកពីស្រុកណា ក៏កម្ពុជាចាប់បញ្ជូនទៅវិញដែរ។

សូមជម្រាបថា សារព័ត៌មាន AFP បានចុះផ្សាយថា មានការវាយប្រហារទៅលើទីស្នាក់ការប៉ូលីសឃុំចំនួនពីរ គឺឃុំ Ea Tieu និង Ea Ktur នៃស្រុក Cu Kuin ខេត្ត Dak Lak បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សជាច្រើននាក់រួមទាំងប៉ូលីស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល ត្រូវបានសម្លាប់ និងរងរបួស។ មនុស្ស ៦នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅខេត្ត Dak Lak៕