(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ពួកម៉ុងតាញ៉ាដែលជាក្រុមឧទ្ទាមនៅប្រទេសវៀតណាម ហើយមកជ្រកកោននៅកម្ពុជាកាលពីពេលកន្លងទៅនោះ គឺបានចាកចេញពីប្រទេសកម្ពុជាអស់ហើយ ប៉ុន្តែប្រសិនបើមានអ្នកចូលមកថ្មីត្រូវតែចាប់បញ្ជូនទៅ​ឱ្យវៀតណាមវិញភ្លាម ដាច់ខាតមិនឱ្យក្រុមឧទ្ទាមទាំងនោះមាននៅលើទឹកដីកម្ពុជាឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីសរុបជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីពួកម៉ុងតាញ៉ាដែលជាក្រុមឧទ្ទាមនៅប្រទេសវៀតណាមបានចាកចេញពីប្រទេសកម្ពុជាអស់ហើយក៏ដោយ ប៉ុន្តែប្រសិនបើមានអ្នកចូលមកថ្មីត្រូវតែចាប់បញ្ជូនទៅ​ឱ្យវៀតណាមវិញភ្លាម ដាច់ខាតមិនឱ្យក្រុមឧទ្ទាមទាំងនោះមាននៅលើទឹកដីកម្ពុជាឡើយ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «បញ្ជាក់ឡើងវិញថា ក្រុមម៉ុងតាញ៉ាបានចាកចេញពីកម្ពុជាអស់ហើយ ប៉ុន្តែបើចេញអស់ហើយ កុំឱ្យមានពួកថ្មីចូលមកទៀត ប្រសិនបើមានអ្នកថ្មីចូលមកក្រោយនេះ គឺត្រូវចាប់ឱ្យវៀតណាមភ្លាមៗ ព្រោះពួកទាំងនេះគឺធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្សនៅវៀតណាម ដាច់ខាតមិនមាននៅលើទឹកដីកម្ពុជានោះទេ»

សម្ដេចតេជោក៏បានហាមប្រាមចំពោះអង្គការទាំងឡាយដែលកំពុងដំណើរការនៅប្រទេសកម្ពុជា មិនឱ្យទាក់ទងជាមួយក្រុមឧទ្ទាមសម្លាប់មន្ត្រីនិងប្រជាជនវៀតណាមកាលពីពេលថ្មីៗនេះ និងបានព្រមានយ៉ាងដាច់ណាត់ថា ប្រសិនបើមានអង្គការណាពាក់ព័ន្ធនឹងក្រុមឧទ្ទាមនេះមែន រាជរដ្ឋាភិបាលកម្ពុជានឹងការរំលាយអង្គការនោះចេញភ្លាមដែរ។

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ពួកក្រុមឧទ្ទាមនៅវៀតណាមដែលមានគ្នាជាង៦០០នាក់បានបានបាញ់សម្លាប់មន្ត្រីឃុំ និងសេនាជនវៀតណាមចំនួន៤នាក់ និង២នាក់ទៀតបានរងរបួសជាទម្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅឃុំអ៉ីអាទីវ (Ea Tieu) និងឃុំអ៉ីអាគឺទួរ (Ea Ktur) ក្នុងស្រុកគឺគ័ន (Cu Kuin) របស់ខេត្តដាក់ឡាក់ (Dak Lak) ភាគកណ្ដាលប្រទេសវៀតណាម។ បច្ចុប្បន្នក្រុមទាំងនេះកំពុងបែកខ្ញែកគ្នា ក្រោយកម្លាំងសមត្ថកិច្ចវៀតណាមអន្តរាគមន៍បង្ក្រាប និងចាប់ខ្លួនបានជាបន្តបន្ទាប់៕