(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក គង់ រ៉ៃយ៉ា សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាបេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលភ្នំពេញ នៃគណបក្សភ្លើងទៀន ដែលសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈបណ្តាញ Telegrame សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូម
ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គង់ រ៉ៃយ៉ា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»

តាមរយៈវីដេអូ និងលិខិតសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា ដែលជាសកម្មជនដ៏សកម្មរបស់បក្សប្រឆាំង បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជនរស់ដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោក គង់ រ៉ៃយ៉ា បានលើកឡើងទៀតថា គុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ដែលមានចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសស្វែងរកសន្តិភាព ដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នៅក្រោមគោលនយោបាយឈ្នះៗ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប ត្រូវតែចងចាំនៅក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា៕