(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ បានចូលជាធរមានកាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តផែនការសកម្មភាពមួយចំនួនទៀត ដើម្បីបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។

ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ័បឌុលឡា ម៉ូស៊ូម (Abdulla Mausoom) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ពោលគឺក្នុងឱកាសកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។

លោក ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាជំនួបខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានរំឭកពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលមានការចុះហត្ថលេខាទៅលើឯកសារចំនួន៦ ក្នុងនោះក៏មានអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ម៉ាល់ឌីវផងដែរ។

លោក ជុក ជំនោរ បានបន្តថា «កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវ គឺបានចូលជាធរមានហើយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ បានន័យថា ចាប់ពីពេលនេះតទៅ ប្រជាជន/ភ្ញៀវទេសចរកម្ពុជានិងម៉ាល់ឌីវអាចធ្វើដំណើរទៅមកប្រទេសទាំងពីរបានដោយមិនចាំបាច់មានទិដ្ឋការ សម្រាប់ការស្នាក់នៅរយៈពេលក្រោម៣០ថ្ងៃ»

លោកអគ្គនាយកបានបន្តទៀតថា តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋការរវាងកម្ពុជា-ម៉ាល់ឌីវនេះហើយ ទើបបានជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរឯកភាពគ្នាបង្កើតក្រុមការងារចម្រុះកម្ពុជា-ម៉ាល់ឌីវ (Working Group) ដើម្បីរួមសហការគ្នាអនុវត្តផែនការសកម្មភាពនានាដែលមានបញ្ជាក់ក្នុងអនុស្សរណៈទ្វេភាគីខាងលើ សំដៅបន្តវឌ្ឍនភាពលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ រួមគ្នាជំរុញរំហូរទេសចរប្រទេសទាំងពីរ និងប្រទេសទី៣ឱ្យកាន់តែច្រើនថែមទៀត។

បើតាមលោក ជុក ជំនោរ ការងារសំខាន់ៗចំពោះមុខ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំក្រុមការងារចម្រុះនៅពេលសមស្របណាមួយ សំដៅធ្វើយ៉ាងណាបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួមគ្នា ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ប្រទេសទាំងពីរ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម (Influencers)។

ភាគីទាំងពីរក៏បានឯកភាពបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នាស្របតាមទស្សនទាន «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញរំហូរទេសចរអន្តរជាតិឱ្យចូលមកទស្សនាប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ។ ការបង្កើតឱ្យមានកញ្ចប់ទស្សនកិច្ចរួមគ្នានេះ គឺជាគំនិតផ្ដួចផ្ដើមថ្មីមួយសម្រាប់ជំរុញចលនាទេសចរអន្តរជាតិ និងទាក់ទាញឱ្យមានការស្នាក់នៅយូរ ឧទាហរណ៍៖ ភ្ញៀវទេសចរអាចស្នាក់នៅ/ទស្សនាកម្សាន្តនៅកម្ពុជា៣ថ្ងៃ និង៣ថ្ងៃទៀតនៅម៉ាល់ឌីវ។

ភាគីទាំងពីរបានបន្តឯកភាពគ្នាជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍តភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែងាយស្រួល ខណៈបច្ចុប្បន្នភ្ញៀវទេសចរដែលចង់ទៅមកប្រទេសទាំងពីរអាចផ្លាស់ជើងហោះហើរនៅសិង្ហបុរី ឬម៉ាឡេស៉ី ប៉ុន្តែយ៉ាងណាក៏មិនធ្វើឱ្យភ្ញៀវទេសចរ ឬអ្នកដំណើររង់ចាំយូរនោះដែរ ពោលគឺមិនមានបញ្ហាស្ម័គ្រស្មាញឡើយ។ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា នៅកម្ពុជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ ហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ ដូច្នេះភាគីទាំងពីរនឹងអាចតភ្ជាប់ជើងហោះហើរត្រង់ទៅមកបានយ៉ាងងាយស្រួល។

រដ្ឋមន្ត្រីទេសចរណ៍ម៉ាល់ឌីវក៏បានអញ្ជើញលោករដ្ឋមន្ត្រី ថោង ខុន ធ្វើទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវនៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្វែងយល់ពីសក្ដានុពលវិស័យទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ នៅម៉ាល់ឌីវ ចាប់ពីចុងខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣ មានការរៀបចំព្រឹត្តិការណ៍វប្បធម៌ម៉ាល់ឌីវ (Maldiv Cultural Festival) ដែលជាឱកាសដ៏ល្អមួយសម្រាប់ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ថោង ខុន និងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវនោះ។

លោករដ្ឋមន្ត្រីទេសចរណ៍ម៉ាល់ឌីវបានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍនៅប្រទេសកម្ពុជា ព្រមទាំងមើលឃើញពីសក្ដានុពលសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលអាចភ្ជាប់គោលទេសចរណ៍រួមគ្នា ដោយកម្ពុជាមានសក្ដានុពលទេសចរណ៍ផ្នែកវប្បធម៌ ធម្មជាតិ សមុទ្រជាដើម ហើយម៉ាល់ឌីវមានសក្ដានុពលទេសចរណ៍ផ្នែកសមុទ្រ ឆ្នេរ កោះជាដើម។

លោកអគ្គនាយក ជុក ជំនោរ បានបញ្ជាក់ដែរថា បន្ទាប់ពីទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងនានានៃប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាល់ឌីវកាលពីដើមឆ្នាំ២០២៣នោះ ឃើញថា គោលដៅទេសចរណ៍ប្រទេសទាំងពីរ គឺមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ភ្ញៀវទេសចរ ពិសេសខាងម៉ាល់ឌីវកាន់តែស្គាល់ច្បាស់ពីកម្ពុជា ហើយកម្ពុជាក៏បានទៅឃើញម៉ាល់ឌីវផ្ទាល់ផងដែរ។

បើតាមការបន្ថែមរបស់លោក ជុក ជំនោរ ម៉ាលឌីវមានគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងមានភាពទទួលខុសត្រូវចំពោះបរិស្ថាន និងធម្មជាតិ ដូច្នេះម៉ាល់ឌីវក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ់មួយសម្រាប់ទេសចរមកពីជុំវិញពិភពលោក ខណៈនិន្នាការទេសចរណ៍បច្ចុប្បន្នគឺងាកទៅរកគោលដៅទេសចរណ៍ទាំងឡាយណាដែលមានការគិតគូរពីនិរន្តរភាព និងមានភាពទទួលខុសត្រូវចំពោះបរិស្ថាន។ ដូច្នេះកម្ពុជាក៏បានមើលឃើញចំណុចនេះ ហើយកម្ពុជាខ្លួនឯងក៏ប្រកាន់នូវគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងមានភាពទទួលខុសត្រូវចំពោះបរិស្ថានផងដែរ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ាល់ឌីវ មានដូចជាការលើកលែងទិដ្ឋការ ការតភ្ជាប់គោលដៅទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ច រៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ភ្ញៀវទេសចរជាដើម៕