(កណ្តាល)៖ ក្រុមកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រស្តារឡៃថ៍ (Starlight) ស្ថិតនៅតំបន់សេដ្ឋកិច្ច 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាង២,០០០នាក់ បានវិលត្រលប់ចូលធ្វើការវិញ និងសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយលង់ជឿតាមការញុះញង់ពីមេខ្លោងប៉ុន្មាននាក់នោះ និងអះអាងថាអ្នកខាតពិតប្រាកដជាកម្មករ មិនមែនមេខ្លោងទេ និងស្នើសុំឲ្យកម្មករផ្សេងទៀតចូលមកធ្វើការវិញដូចគ្នា កុំជឿគេញុះញង់បន្តទៀត។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមកម្មការិនី បានអះអាងថា រោងចក្រមិនបានបង្ខំឲ្យផ្តិតមេដៃជាថ្នូរនឹងការចូលធ្វើការនោះទេ ពោលគឺពួកគាត់ជាកម្មករជាអ្នកសម្រេចចិត្តដោយខ្លួនឯង ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំរោងចក្រថែមទៀតផង។ ដូច្នេះសូមកម្មករទាំងអស់ ដែលកំពុងតវ៉ាខាងក្រៅមេត្តាឈប់តវ៉ាទៅ ព្រោះខាងរោងចក្រដោះស្រាយការទៀមទារបានយ៉ាងល្អប្រសើរ រីឯការស្នើសុំឲ្យដកអគ្គនាយករោងចក្រចេញ វាមិនសក្ដិសមឡើយ ខណៈដែលគាត់គ្មានកំហុសអ្វីឡើយ មានតែគាត់ជួយជ្រោមជ្រែងយើងទៅវិញទេ។

ក្រុមកម្មការិនី ដែលកំពុងបម្រើការងារនៅ រោងចក្រស្តារឡៃថ៍ បានបន្ថែមថា ពួកគាត់គាំទ្រចំពោះការដឹកនាំរបស់អគ្គនាយករោងចក្រ ដែលលោកបានខិតខំជួយជ្រោមជ្រែង និងយោគយល់ដល់កម្មករ កម្មការរិនី ដោយគ្មានប្រកាន់ទោសកំហុសអ្វីឡើយ និងសូមអរគុណដល់ថ្នាក់ដឹកនាំរោងចក្រ ដែលបានខិតខំត្រួសត្រាយផ្លូវដល់កម្មករឲ្យមានការងារធ្វើ និងមានប្រាក់ខែសមរម្យ ហើយមានប្រាក់លើកទឹកចិត្តថែមទៀត ដែលអាចឲ្យពួកគាត់រស់បានយ៉ាងស្រួល មានជីវភាពធូរធារ។

ជាមួយគ្នានេះ លោក ណន ធារិទ្ធ តំណាងរោងចក្រ បានថ្លែងថា ចំពោះសំណើរបស់កម្មករទាំង៨ចំណុច ខាងរោងចក្របានយល់ព្រមទទួលយកសំណើ និងបានដោះស្រាយជូនរួចរាល់ហើយ ដែលនេះជាយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីបង្កើតភាពងាយស្រួលទាំងខាងកម្មករ និងរោងចក្រ ហើយកម្មករដែលតវ៉ាជាង៣,០០០នោះ បានវិលត្រលប់ចូលមកធ្វើការវិញជាង៧០%ហើយ។

លោកបន្ដថា សម្រាប់កម្មករដែលនៅសល់ប្រមាណជាជិត១ពាន់នាក់នោះ មានការយល់ច្រឡំជាខ្លាំងចំពោះអគ្គនាយក ដោយចោទប្រកាន់ថា អគ្គនាយកគ្មានសមត្ថភាព ទើបការបញ្ជាទិញមានការធ្លាក់ចុះ តែមែនទែនទៅ ការបញ្ជាទិញមិនមែនជាការទទួលខុសត្រូវរបស់អគ្គនាយកឡើយ ពោលគឺគេមានក្រុមការងារខាងសេលនៅខាងប្រទេសសិង្ហបុរី ខាងហុងកុងឯណោះទេ ដែលទទួលខុសត្រូវលើរឿងនេះ។

ដោយឡែកសម្រាប់អគ្គនាយក គឺទទួលខុសត្រូវលើការងារផលិតកម្មក្នុងរោងចក្រប៉ុណ្ណោះ។ ដូច្នេះសូមកម្មករទាំងអស់ មេត្តាឈប់យល់ច្រលំ និងសូមចូលមកធ្វើការវិញមក ខាងរោងចក្រទទួលស្វាគមន៍ជានិច្ច ដោយគ្មានបញ្ហាអ្វីឡើយ។

សូមជម្រាបថា ក្រោយពេលមានការសម្របសម្រួលពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កម្មករ កម្មការិនីយ៉ាងច្រើនសន្ធឹកសន្ធាប់ បានស្ម័គ្រចិត្តចូលធ្វើការវិញ ប៉ុន្តែនៅសល់បន្តិចបន្តួចប៉ុណ្ណោះ ដែលនៅរឹងទទឹងតវ៉ាដោយសារលង់ជឿមេខ្លោងប៉ុន្មាននាក់នោះ៕