(ភ្នំពេញ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ បានសម្ដែងនូវការដឹងគុណចំពោះអតីតយុទ្ធជនទាំងឡាយដែលមានគុណបំណាច់ចំពោះបុព្វហេតុជាតិ ស្វែងរកសន្តិភាពជូនជាតិនិងប្រជាជនជាដើម និងបំពាក់មេដាយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ពិធីបំពាក់មេដាយជូនសមាជិកអតីតយុទ្ធជនកម្ពុជាខាងលើនេះធ្វើឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអតីតយុទ្ធជនស្រុកកំពង់រោទិ៍ចូលរួមសរុប២៧៧រូប (ស្រី១៣៩រូប)។

នាឱកាសនោះ លោក ជា បូរ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ជាពិសេសចំពោះអតីតយុទ្ធជនដែលមានជីវភាពលំបាក។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានៅក្នុងឆ្នាំ២០០៧ ដែលមានសម្តេចផ្ទាល់ជាប្រធានសមាគម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់កិត្តិយស, និងគុណបំណាច់ដ៏ធំធេងមិនអាច់កាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់តស៊ូយ៉ាងប្តូរផ្តាច់ និងស្មោះស្ម័គ្រជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិចាប់តាំងពីដំណាក់កាលវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងទទួលបានជ័យជំនះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការដំណាក់កាលបញ្ចប់សង្គ្រាមរុំារ៉ៃ ឈានដល់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាពពេញលេញចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបានបន្តទៀតថា ពិធីបំពាក់មេដាយការពារជាតិនាពេលនេះ គឺជាការរំលឹកឡើងវិញនូវការដឹងគុណ និងការទទួលស្គាល់នូវគុណបំណាច់ចំពោះអតីតយុទ្ធជនទាំងអស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការកសាងសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីចំណុចសូន្យពីបាតដៃទទេរហូតទទួលបាននូវវឌ្ឍនភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យដូចសព្វថ្ងៃ។

លោក ជា បូរ៉ា បានអំពាវនាវដល់អតីតយុទ្ធជនបន្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្ស មិនត្រូវឱ្យបុគ្គលណា ឬបរទេសណាមកបំផ្លាញសន្តិភាពដែលរកបានដោយកម្រឱ្យបាត់បង់ទៅវិញជាដាច់ខាត ពិសេសបន្ដជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ក៏បានស្នើសូមថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីសុខភាព ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនឱ្យបានជាប្រចាំ ពិសេសជួយសម្រួលដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈជូនអតីតយុទ្ធជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមជម្រាបថា នាឱកាសនោះ លោក ជា បូរ៉ា ក៏បានបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាសរុបចំនួន២៧៧នាក់ ដែលជាសមាជិកអតីតយុទ្ធជនស្រុកកំពង់រោទិ៍
ព្រមទាំងប្រគល់ថវិកាម្នាក់៥០,០០០រៀលផងដែរ៕