(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី (ស.ស.យ.ក) បានដឹកនាំក្រុមយុវជនជាង៤០នាក់ រួមជាមួយព្រះសង្ឃផងដែរ ដាំផ្កាលំអរតាមបណ្តោយផ្លូវជាតិលេខ៧៨។

លោក កៃ សុវិន អភិបាលរងក្រុងបានលុង បានឲ្យដឹងថា ដោយមានណែនាំពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តរតនគិរី រដ្ឋបាលក្រុងបានលុងបានសហការជាមួយ ស.ស.យ.ក ខេត្ត ដែលមានលោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធាន បានដឹកនាំក្រុមយុវជនជាង៤០នាក់ ដាំផ្កាតាមបណ្តាយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចវត្តភ្នំស្វាយប្រវែងជាង១០០ ម៉ែត្រ។

លោកអភិបាលរងក្រុង បានបន្តថា ផ្កាដែលយកមកដាំនេះរួមមាន៖

*ផ្កាម៉ោង១០ចម្រុះពណ៌
*ផ្កាភួងម៉ាឡៃ
*ផ្កាម្លិះរួត និងផ្ការំយោល។

ផ្កាទាំងអស់នេះ គឺបានមកពីការចូលរួមវិភាគទានថវិកាពីសប្បុរសជននានា ដើម្បីទិញផ្កាយកមកដាំក្នុងនោះលោកក៏ចំណាយថវិកាផ្ទាល់ខ្លួនទិញផ្ការំយោល៣០គុម្ពផងដែរ។

លោកថា បច្ចុប្បន្នរដ្ឋបាលក្រុងបានលុង បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាកែលម្អសួរសាធារណៈនានានៅតាមទីប្រជុំជនក្នុងខេត្តនិងការធ្វើសំអាតអនាម័យបរិស្ថាន ឱ្យបានកាន់តែល្អប្រសើឡើង ដើម្បីភាពស្រស់ស្អាតក្នុងទីក្រុង និងក្នុងខេត្តទាំងមូល ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តរតនគិរីឱ្យបានកាន់តែច្រើនឡើង ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕