(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល នៃអតីតយុទ្ធជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជន ចំនួន២៥៤នាក់ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក កោសា បានសម្ដែងនូវការរីករាយដោយបានជួបជាមួយអតីតយុទ្ធជនទាំងអស់ ធ្លាប់បានឆ្លងកាត់ការលំបាកទាំងក្នុងការកសាងប្រទេសផង ធ្វើចម្បាំងផង រហូតបានឈានមកដល់ដំណាក់កាលនេះ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែរំលឹក និងដឹងគុណចំពោះអតីតយុទ្ធជនទាំងអស់ ព្រោះអតីតយុទ្ធជនបានចូលរួមចំណែកធ្វើឲ្យមានថ្ងៃនេះដែរ។

លោកបណ្ឌិត បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិមានសុខ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងវិស័យអតីតយុទ្ធជនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាំងពីគាត់នៅរស់រហូតដល់ស្លាប់ និងបន្តគិតគូរដល់គ្រួសារពួកគាត់ទៀតផង។

លោកបណ្ឌិត អ៊ុក កោសា បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ជាពិសេសចំពោះអតីតយុទ្ធជនដែលមានជីវភាពលំបាក។

ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានៅក្នុងឆ្នាំ២០០៧ ដែលមានសម្តេចផ្ទាល់ជាប្រធានសមាគម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់កិត្តិយស, និងគុណបំណាច់ដ៏ធំធេងមិនអាច់កាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់តស៊ូយ៉ាងប្តូរផ្តាច់ និងស្មោះស្ម័គ្រជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិចាប់តាំងពីដំណាក់កាលវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងទទួលបានជ័យជំនះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការដំណាក់កាលបញ្ចប់សង្គ្រាមរុំារ៉ៃ ឈានដល់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាពពេញលេញចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបានបន្តទៀតថា ពិធីបំពាក់មេដាយការពារជាតិនាពេលនេះ គឺជាការរំលឹកឡើងវិញនូវការដឹងគុណ និងការទទួលស្គាល់នូវគុណបំណាច់ចំពោះអតីតយុទ្ធជនទាំងអស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការកសាងសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីចំណុចសូន្យពីបាតដៃទទេរហូតទទួលបាននូវវឌ្ឍនភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យដូចសព្វថ្ងៃ។

លោកបានអំពាវនាវដល់អតីតយុទ្ធជនបន្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្ស មិនត្រូវឱ្យបុគ្គលណា ឬបរទេសណាមកបំផ្លាញសន្តិភាពដែលរកបានដោយកម្រឱ្យបាត់បង់ទៅវិញជាដាច់ខាត ពិសេសបន្ដជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក កោសា ក្រៅពីការបំពាក់គ្រឿងឥស្សរិយស លោកក៏បានចែកជូនក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា២០,០០០រៀលផងដែរ៕