(សៀមរាប)៖ កាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានប្រគល់អំណោយមនុស្សធម៌ដល់តំណាងគ្រួសារងាយរងគ្រោះចំនួន៨៨ ក្នុងស្រុកប្រាសាទបាគង ក្នុងឱកាសអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តរលួស។

ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់លោកស្រី ទៀង អេង ទៀសីហា អនុប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប និងដោយមានការនិមន្តចូលរួមពីព្រះសង្ឃ និងវត្តមានចូលរួមពីសមាជិក សមាជិកា យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ លោកតា លោកយាយ ប្រជាពលរដ្ឋ និងតំណាងគ្រួសារងាយរងគ្រោះចំនួន៨៨គ្រួសារ ក្នុងស្រុកប្រាសាទបាគងប្រមាណជា១២០អង្គ/នាក់។

លោកស្រីបានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកដ៏ជ្រាលជ្រៅរបស់លោកប្រធាន ប្រគេន និងជូនចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងទីនេះ។

លោកស្រីអនុប្រធានក៏បានធ្វើសំណូមពរឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ ដែលអាចកើតមានគ្រប់ពេលវេលា ដូចជាខ្យល់កន្ត្រាក់ ឧបទ្ទវហេតុផ្សេងៗជាដើម។ សូមបង្កើនការប្រុងប្រយ័ត្នចំពោះក្រុមគ្រួសារ កូនចៅ ពេលមានភ្លៀង ខ្យល់កន្ត្រាក់ ផ្គររន្ទះ កុំបណ្ដោយឲ្យក្មេងលេងក្រៅផ្ទះ កុំជ្រកក្រោមដើមឈើ ត្រូវបិទឧបករណ៍ដែលងាយឆ្លងចរន្តអគ្គីសនី ដូចជា វិទ្យុ ទូរទស្សន៍ ទូរស័ព្ទជាដើម។

មួយវិញទៀត ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានៅពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព កុំបើកបរហួសល្បឿនកំណត់ ត្រូវប្រកាន់ស្ដាំ និងមានការយោគយល់អធ្យាស្រ័យគ្នា ដើម្បីសុវត្ថិភាព និងសេចក្ដីសុខយើងទាំងអស់គ្នា៕