(ពោធិ៍សាត់)៖ ដោយមានគោលបំណងជួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានគោលដៅបរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព ដើម្បីជួយជំរុញឱ្យមានការកាត់បន្ថយ និងការបន្សំទៅនឹងការប្រែប្រួល អាកាសធាតុ អភិរក្សជីវ ចម្រុះ និងបង្កើតឱ្យមានជម្រើសជីវភាពរស់នៅ ស្របតាមផែនការរបស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់ និងរេចរិលព្រៃឈើ រេដបូក (អង្គការសម្ព័ន្ធមិត្តសត្វព) Wildlife Alliance) និង Wildlife Works បានបង្កើតគម្រោងរេដបូកសំកុស (SRP) ឡើង។

តាមរបាយការណ៍បានឱ្យដឹងថា គម្រោងនេះគ្របដណ្ដប់តំបន់ការពារធម្មជាតិចំនួនបីរួមមាន៖ ដែនជម្រកសត្វព្រៃភ្នំសំកុស ជាតំបន់ការពារទេសភាពនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបទំហំ ២០២,៤៥១ហិកតា ច្រករបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញប្រព័ន្ធតំបន់ ការពារធម្មជាតិ ដែលមានផ្ទៃដីទំហំ ៨២,៧៣៥ហិកតា និងតំបន់ភាគខាងជើងនៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីទំហំ ១២,២១១ហិកតា។ ផ្ទៃដីនៃតំបន់គម្រោងសរុបគឺ ២៩៧,៣៩៧ហិកតា ហើយតំបន់ព្រៃឈើ និងតំបន់គណនេយ្យគម្រោងសរុបមានទំហំ ២៨២,៧១៨ហិកតា ។

របាយការណ៍ដដែលបានបញ្ជាក់ថា «គម្រោងនេះក៏នឹងបានបង្កើតឱកាសចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព ចំណូលដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយសម្ពាធទៅលើបរិស្ថាន។ ស្របពេលជាមួយគ្នានេះ វានឹងបង្កើនសុខុមាលភាពសហគមន៍ន៍ផងដែរ។ គម្រោងនេះនឹងបានរួមចំណែកជួយដោះស្រាយបញ្ហាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងហេដ្ឋារចនាសម្ព័ន្ធមានដូចជាអណ្ដូងទឹកជាដើម»

មានតំបន់ការពារធម្មជាតិចំនួនបីដែលរួមគ្នាបង្កើតបានជាគម្រោងរេដបូកសំកុស គឺជាផ្នែកដ៏សំខាន់នៃជួរភ្នំក្រវាញ ជាតំបន់សំបូរដោយជីវចម្រុះនៃឧបទ្វីបឥណ្ឌូ-ភូមា។ តំបន់សំបូរដោយជីវចម្រុះនៃឧបទ្វីបឥណ្ឌូ-ភូមានេះ គឺទីកន្លែងដ៏សំខាន់ជាងគេមួយក្នុងចំណោមទីកន្លែងអភិរក្សជីវចម្រុះដ៏សំខាន់ៗជាងគេជាច្រើនទីតាំងទៀតនៅលើភពផែនដី។ បើយោងតាមអង្គការអាយ-យូ-ស៊ី-អិន តំបន់នេះជាប់ចំណាត់ថ្នាក់ជាទីតាំងទាំង១០ ក្នុងចំណោមតំបន់ដែលសំបូរដោយជីវចម្រុះដែលមិនអាចជំនួសបាន ហើយក៏ជាទីតាំងស្ថិតក្នុងលំដាប់កំពូលទាំង៥ កំពុងទទួលរងនូវការគំរាមកំហែង ដោយសារតែមានតែ៥% ប៉ុណ្ណោះ នៃជម្រកធម្មជាតិដែលនៅសេសសល់។

ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់ដែនជម្រកសត្វព្រៃភ្នំសំកុស និងច្រករបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ប្រព័ន្ធតំបន់ការពារធម្មជាតិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយក្រសួងបរិស្ថាន បានសម្រេចបង្កើតគម្រោងរដបូក សំកុសនេះឡើង ។ ការការពារគម្រោងរេដបូកសំកុសនេះនឹងត្រូវសម្រេចបានដោយការរចនា និងផ្ដល់នូវប្រព័ន្ធគ្រប់គ្រង សកម្ម ជាពិសេសសម្រាប់ដែនជម្រកសត្វព្រៃភ្នំសំកុស ដែលរួមមានការល្បាតផ្ទាល់របស់ឧទ្យាននៅតាមតំបន់គម្រោង និងខាងក្នុងតំបន់គណនេយ្យគម្រោង។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បានអនុវត្ត សកម្មភាពអភិវឌ្ឍសហគមន៍ និងកម្មវិធីអប់រំផ្សព្វផ្សាយ ដើម្បីជួយសហគមន៍ន៍មូលដ្ឋានឱ្យធ្វើការផ្លាស់ប្ដូរជីវភាពរស់នៅរបស់ខ្លួនឱ្យមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងការប្រើប្រាស់ ធនធានធម្មជាតិដ៏សម្បូរបែបនៅក្នុងតំបន់ប្រកបដោយនិរន្តភាពផងដែរ។ តែទោះបីជាព្រៃឈើតំបន់នេះមានសារសំខាន់ដ៏ធំធេងបែបនេះក្ដី តែការប្រែក្លាយដីព្រៃឈើជាទ្រង់ទ្រាយតូចៗ ឱ្យទៅជាដីកសិកម្មដែលគ្មានការត្រួត ពិនិត្យគ្រប់គ្រង ធ្វើឡើងដោយជនចំណូលថ្មី និងការប្រែក្លាយដីព្រៃឈើឱ្យទៅជាចម្ការកសិ-ឧស្សាហកម្មដោយវិស័យឯកជនបានធ្វើឱ្យតំបន់ជួរភ្នំក្រវាញ ស្ថិតក្នុងចំណោមតំបន់ទេសភាពព្រៃឈើដែលកំពុងទទួល រងនូវការគំរាមកំហែងខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍។

សហគមន៍ ប្រជាពលរដ្ឋនៅតាមទីជនបទរស់នៅអាស្រ័យទៅលើការ ផលិតផលកសិកម្មខ្នាតតូច ដើម្បីគាំទ្រជីវភាពរស់នៅរបស់ខ្លួន។ កង្វះឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងតែមានចំនួនកើនឡើង រួមផ្សំនឹងកង្វះចំណេះដឹងក្នុងការកែលម្អបច្ចេកទេសធ្វើកសិកម្មបានធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋានកាប់ឆ្ការព្រៃដើម្បីដាំដំណាំ។ ដើមហេតុចម្បងដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ គឺដោយសារតែមានតម្រូវការ ដីច្រើនសម្រាប់ធ្វើកសិកម្ម និងដាំដំណាំនៅក្នុងទីតាំងគម្រោងរេដបូកសំកុស។

របាយការណ៍បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមជាមួយក្រសួងបរិស្ថាន បានសម្រេចបង្កើតជាគម្រោងរេដបូកសំកុសនេះឡើង ការការពារគម្រោងរេដបូកសំកុសនឹងអាចសម្រេចទៅបានដរាបណានៅមានការបន្តការល្បាតពេញលេញនៅក្នុងតំបន់គម្រោង ក៏ដូចជាការផ្តល់នៅសកម្មភាពគម្រោងបន្ថែមដល់សហគមន៍ ដែលត្រូវបានរៀបចំឡើងបំណងកាត់បន្ថយដើមហេតុនៃការបាត់បង់ព្រៃឈើ៕