(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន ប្រធាន​គណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីពិធីបើក និងបិទវគ្គបណ្តុះបណ្តាលស្តីពីច្បាប់បទបញ្ជានិងនីតិវិធីនានាពាក់ព័ន្ធនឹងដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់គណៈកម្មាធិការបក្ស គណៈកម្មការច្បាប់គណបក្ស និងភ្នាក់ងារគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំចំនួន ២៨០នាក់ នៅមន្ទីរគណបក្សខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ថេង ច័ន្ទសង្វារ អនុប្រធានគណៈកម្មការច្បាប់គណបក្សខេត្ត ត្បូងឃ្មុំ លោក គល់ យ៉ាត អនុប្រធានគណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋានច្បាប់ និងនីតិវិធីបោះឆ្នោតគណបក្សខេត្តត្បូងឃ្មុំ។

លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ជូនអង្គពិធីទាំងមូល។

លោកបានកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះក្រុមការងារគណៈកម្មការច្បាប់គណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៅមូលដ្ឋានខេត្តត្បូងឃ្មុំទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី រៀបចំឯកសារបែបបទជូនដល់ប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត និងសម្រាប់ទៅបោះឆ្នោតបានយ៉ាងល្អប្រសើរ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត ថេង ច័ន្ទសង្វា បានឡើងធ្វើបទឧទ្ទេសនាម អំពីគោលការណ៍នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ វគ្គបណ្តុះបណ្តាលនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសនិងរៀបចំត្រួតពិនិត្យលើការពង្រឹង និងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីច្បាប់ក្នុងមូលដ្ឋាន និងការងារត្រៀមរៀបចំផែនការឆ្ពោះ​ទៅកាន់ការបោះឆ្នោត ជ្រើសតាំង​​តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រធានគណៈកម្មការច្បាប់បានលើកឡើងពីនីតិវិធី សារៈសំខាន់ និងគោលបំណងនៃវគ្គនេះ គឺដើម្បីឱ្យសិក្ខាកាមដែលជាគណៈកម្មាធិការបក្សគណៈកម្មការច្បាប់គណបក្ស និងភ្នាក់ងារគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ បានយល់ដឹងអំពីច្បាប់និង​បទបញ្ជានីតិវិធីនានា​និងប្រតិទិនគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ដើម្បីមានមូលដ្ឋានយកទៅអនុវត្តតាមភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ហើយត្រូវក្តាប់ឱ្យបានពីអ្វីដែល​​មានការប្រែប្រួលក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ហើយបើមានបញ្ហាប្រឈម ត្រូវរួមគ្នាដោះស្រាយឱ្យបានរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ប្រធានគណៈកម្មការច្បាប់បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់​ ដែលបានមកបណ្តុះបណ្តា​ល​ ត្រូវយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្ដនៅតាមមូលដ្ឋានរបស់ខ្លួន​ និងភ្នាក់ងារគណបក្សឱ្យគោរពតាមច្បាប់បទបញ្ជា​ និងនីតិវិធី​នានា​និងប្រតិទិនរបស់ គ.ជ.ប.​ នៅពេលបោះឆ្នោតជ្រើសតាំង​​តំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យទទួលបានជោគជ័យ៕