(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ប.ទ.) នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Management-SAM) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Register Management Information System-SARMIS) ដល់គ្រប់អង្គភាពប្រើប្រាស់ថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»។

សិក្ខាសាលានាថ្ងៃនេះ មានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ និងជាអនុប្រធាន គ.ប.ទ., លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, តំណាងគ្រប់អង្គភាពប្រើប្រាស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់កណ្តាលទាំង២៨ និង ថ្នាក់មូលដ្ឋានទាំង ១០៨ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ នៃលេខាធិការដ្ឋាន គ.ប.ទ. សរុបប្រមាណ ៣៥០ នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និង ណែនាំអំពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធ SAM ដែលជាប្រព័ន្ធផ្ទៃក្នុងក្រសួង ព្រមទាំងស្តាប់អំពីវឌ្ឍនភាព និង ទិសដៅ នៃការប្រើប្រាស់ប្រព័ន្ធ SARMIS ដែលជាប្រព័ន្ធថ្នាក់ជាតិ ជូនសិក្ខាកាមដែលអញ្ជើញមកពីគ្រប់អង្គភាពប្រើប្រាស់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង អនុលោមភាព នៃច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដំណើរការនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួង។ ជាមួយនេះ, អង្គសិក្ខាសាលា ក៏បានពិភាក្សាអំពីបញ្ហាប្រឈមជុំវិញ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចម្ងល់នានាទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ SAM តាមរយៈការបកស្រាយបំភ្លឺ ដោយវាគ្មិនមកពីអង្គភាពជំនាញពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រព័ន្ធ SAM និង SARMIS កកើតឡើងក្រោមគំនិតផ្តួចផ្តើម របស់អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងរៀបចំបង្កើតឱ្យមានប្រព័ន្ធកត់ត្រាបឋមសិន ដើម្បីជួយសម្រួលដល់ការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងកំឡុងពេលដែលយើងត្រូវរង់ចាំការប្រើប្រាស់ប្រព័ន្ធជាលក្ខណៈសកល និង ទម្រង់ស្តង់ដារគណនេយ្យអន្តរជាតិ ដែលមាននៅលើមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុងប្រព័ន្ធ FMIS ដែលមុខងារនេះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ និងកសាងឡើងឲ្យមានភាពប្រទាក់ក្រឡាតាំងពីដំណើរការរៀបចំផែនការថវិកា, ផែនការលទ្ធកម្ម, រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់ ពោលគឺ មានភាពសុខុដុមនីយកម្មទិន្នន័យគ្នារវាង មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និង ការធ្វើសវនកម្មតាមប្រព័ន្ធតែមួយ ដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា។

បណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារលេខាធិការដ្ឋាន គ.ប.ទ. និង បណ្តាអង្គភាពប្រើប្រាស់ទាំងអស់ ឲ្យបន្តចូលរួមសហការ ឲ្យបានស្អិតរមួតក្នុងការអនុវត្តប្រព័ន្ធ SAM ព្រមទាំងការងារគ្រប់គ្រង, ការប្រើប្រាស់ និង ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋផ្ទៃក្នុងក្រសួងឲ្យកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាសម្រេចឲ្យបានតាមគោលដៅ នៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ រដ្ឋប្រកបដោយគុណភាព និង ទាន់ពេល តាមកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត៕